ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ចាប់ផ្ដើមដាក់ពង្រាយ ប្រព័ន្ធការពារដែន អាកាស Patriot ដែលផ្គត់ផ្គង់ ដោយអាមេរិក

គៀវ ៖ មេបញ្ជាការកងទ័ពអាកាស អ៊ុយក្រែន Mykola Oleshchuk បានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាស Patriot ត្រូវបានដាក់ពង្រាយ នៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Oleshchuk បានសរសេរនៅក្នុងសារ Telegram ថា “ចាប់ពីខែមេសា ឆ្នាំ២០២៣ ប្រព័ន្ធការពារដែនអាកាស Patriot កំពុងបំពេញកាតព្វកិច្ចប្រយុទ្ធនៅអ៊ុយក្រែន” ។

លោកបានលើកឡើងថា ទាហានអ៊ុយក្រែនកំពុង “ស្ទាត់ជំនាញ” យ៉ាងរហ័សនូវជំនាញរបស់ពួកគេក្នុងការប្រើប្រាស់ប្រព័ន្ធការពារដែនអាកាស។ លោក Oleshchuk បានបន្ថែមថា ប្រព័ន្ធការពារដែនអាកាស Patriot នឹងជួយអ៊ុយក្រែនការពារផ្ទៃមេឃរបស់ខ្លួនពីមីស៊ីលផ្លោង។

នៅថ្ងៃទី១៩ ខែមេសា រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov បានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាស Patriot បានមកដល់អ៊ុយក្រែនហើយ។យោងតាមអ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន Yuriy Ignat ប្រព័ន្ធមីស៊ីល Patriot អាចបំផ្លាញគោលដៅនៅចម្ងាយរហូតដល់ ១៥០ គីឡូម៉ែត្រ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top