បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាប្រទេសអ៊ីរ៉ង់ បានធ្វើការបង្ហាញនូវមីស៊ីលចំងាយឆ្ងាយមួយប្រភេទថ្មីមានឈ្មោះថា Kheibar និងត្រូវបានគេជឿជាក់ថា អាចរត់បានចំងាយរហូតទៅដល់២០០០គីឡូម៉ែត្រនិងអាចផ្ទុកសារធាតុផ្ទុះ បានទៅដល់១,៥តោនផងដែរ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់ IRNA ក៏បានចេញផ្សាយដែរថា គ្រាប់រ៉ូក្កែតសម្រាប់បាញ់ត្រូវការពេលវេលាបន្តិចទៀតដើម្បីត្រៀមរៀបចំខ្លួនក្នុងការបាញ់បង្ហោះ ដែលវាមានន័យថានៅពេលរួចរាល់ គេនឹងអាចប្រើប្រាស់វាបានជាមួយនឹងអាវុធ ទាំងយុទ្ធសាស្ត្រនិងតាកទិក។
រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអ៊ីរ៉ង់លោក Mohammad Reza Ashtiani ដែលបានចូលរួមក្នុងការដាក់តាំងបង្ហាញមីស៊ីលថ្មីបានថ្លែងថាកិច្ចខិតខំ ជាច្រើនឆ្នាំគឺជាដំណើរដ៏វែងឆ្ងាយរបស់អ៊ិរ៉ង់និងទីភ្នាក់ងារ AIO ។
គួរឲ្យដឹងដែរថាកាលពីខែកុម្ភៈកន្លងមកអ៊ិរ៉ង់ ធ្លាប់បានបង្ហាញនូវមីស៊ីល Cruise missle មួយផងដែរដែលអាចបាញ់ក្នុងចំងាយដល់ទៅ១៦៥០គីឡូម៉ែត្រ ដែលគ្រានោះវាត្រូវបានស្គាល់ថា Paveh៕
ប្រែសម្រួល៖ស៊ុនលី