ព័ត៌មានអន្តរជាតិ

Update៖ ទីបំផុត កូរ៉េខាងត្បូង ទទួលបានជោគជ័យទាំងស្រុង ក្នុងការបាញ់បង្ហោះគ្រាប់រ៉ុក្កែត

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី បានចុះផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ថា ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានបាញ់បង្ហោះដោយជោគជ័យនូវគ្រាប់រ៉ុក្កែត Nuri ក្នុងស្រុករបស់ខ្លួន ហើយបានដាក់ផ្កាយរណបដែលកំពុងដំណើរការទៅកាន់គន្លងតារាវិថី ដោយសាទរចំពោះជំហានឆ្ពោះទៅមុខដ៏សំខាន់សម្រាប់កម្មវិធីអវកាសដែលកំពុងរីកចម្រើនរបស់ប្រទេសនេះ ។

គួរបញ្ជាក់ថា វាគឺជាការបាញ់បង្ហោះលើកទី៣របស់គ្រាប់រ៉ុក្កែត Nuri ដែលទទួលបានជោគជ័យក្នុងការសាកល្បងផ្កាយរណបទៅកាន់គន្លងតារាវិថីកាលពីឆ្នាំមុន បន្ទាប់ពីការប៉ុនប៉ងឆ្នាំ២៩២១ ដែលបរាជ័យបានឃើញថា ម៉ាស៊ីនដំណាក់កាលទី៣របស់រ៉ុក្កែតនេះឆេះលឿនពេក ។

គ្រាប់រ៉ុក្កែត៣ដំណាក់កាលដែលមានប្រវែងជាង៤៧ម៉ែត្រ និងទម្ងន់២០០តោនបានហោះឡើងលើមេឃនៅម៉ោង៦និង២៤ នាទីល្ងាចដោយបាញ់ចេញពីមជ្ឈមណ្ឌលអវកាស Naro នៅក្នុងតំបន់ឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសកូរ៉េខាងត្បូងដោយបន្សល់ទុកនូវផ្សែងពណ៌សដ៏ក្រាស់ ។

លោក Lee Jong-ho រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានលើកឡើងថា “យើងរាយការណ៍ជូនសាធារណ ជនថា ការបាញ់បង្ហោះលើកទី៣ នៃគ្រាប់រ៉ុក្កែត Nuri ដែលត្រូវបានបង្កើតឡើងដោយឯករាជ្យ ដើម្បីធានាបាននូវសមត្ថភាពដឹកជញ្ជូនអវកាសក្នុងស្រុក ត្រូវបានបញ្ចប់ដោយជោគជ័យ” ។

លោកបានលើកឡើងថា ផ្កាយរណបដ៏សំខាន់បានធ្វើការ ទំនាក់ទំនងជាមួយស្ថានីយ៍ King Sejong របស់កូរ៉េខាងត្បូងនៅអង់តាក់ទិក ដោយលោកបានឲ្យដឹងទៀតថា ការបាញ់បង្ហោះនេះបានបញ្ជាក់ពី “សក្តានុពលរបស់យើងសម្រាប់សេវាកម្មបាញ់បង្ហោះសម្រាប់ប្រតិបត្តិការផ្កាយរណបផ្សេងៗ និងការរុករកអវកាស” ។

លោក Lee បានឲ្យដឹងទៀតថា កូរ៉េខាងត្បូង នឹងអនុវត្តការបាញ់បង្ហោះគ្រាប់រ៉ុក្កែត Nuri ចំនួន៣បន្ថែមទៀតនៅឆ្នាំ២០២៧ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top