សិង្ហបុរី៖ រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu បានឲ្យដឹងនៅឯវេទិកាសន្តិសុខក្នុងតំបន់ក្នុងប្រទេសសិង្ហបុរី ថា ទីក្រុងប៉េកាំង បើកចំហសម្រាប់ការទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន ដោយព្រមានថា ជម្លោះដ៏ធ្ងន់ធ្ងររវាងប្រទេសទាំងពីរ នឹងក្លាយជា “គ្រោះមហន្តរាយ ដែលមិនអាចទទួលយកបាន សម្រាប់ពិភពលោក” ។
នៅក្នុងសុន្ទរកថារបស់លោកនៅឯកិច្ចសន្ទនា Shangri-La ប្រចាំឆ្នាំ លោក Li បានលើកឡើងថា ពិភពលោកគឺ “ធំល្មមសម្រាប់ប្រទេសនានា រួមទាំងប្រទេសចិន និងសហរដ្ឋអាមេរិក ដើម្បីរីកចម្រើនជាមួយគ្នា” ប៉ុន្តែបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន ត្រូវ “ធ្វើសកម្មភាពដោយស្មោះត្រង់ ផ្គូផ្គងពាក្យសម្ដីរបស់ខ្លួនជាមួយនឹងទង្វើ និងជាក់ស្តែង ជាពិសេសសកម្មភាពរួមគ្នាជាមួយប្រទេសចិន ដើម្បីរក្សាស្ថិរភាពទំនាក់ទំនង”។
ការកត់សម្គាល់របស់លោកបានធ្វើឡើងបន្ទាប់ពីប្រទេសចិន បានច្រានចោលសំណើរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចពិភាក្សាផ្លូវការរវាងលោក Li និងរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin នៅក្រៅវេទិការយៈពេល ៣ថ្ងៃរហូតដល់ថ្ងៃអាទិត្យ ចំពេលមានភាពតានតឹងទ្វេភាគីកើនឡើងលើបញ្ហាកោះតៃវ៉ាន់ និងបញ្ហាជាច្រើនទៀត។
នៅលើកោះតៃវ៉ាន់ ដែលជាកោះប្រជាធិបតេយ្យគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំង ចាត់ទុកថាជារបស់ខ្លួន លោក Li បានរិះគន់សហរដ្ឋអាមេរិកដោយថា “កងកម្លាំងបរទេសមួយចំនួន” កំពុងព្យាយាមជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។
ប្រមុខការពារជាតិចិន បានព្រមានថា “សកម្មភាពផ្តាច់ខ្លួនកាន់តែកើនឡើង ដើម្បីឯករាជ្យភាពតៃវ៉ាន់កាន់តែខ្លាំងក្លា វិធានការប្រឆាំងរបស់យើង នឹងកាន់តែមានភាពរឹងមាំ ហើយការជ្រៀតជ្រែកពីបរទេសទាំងអស់នឹងបញ្ចប់ដោយបរាជ័យ” ។
ប្រទេសចិន បានបង្កើនសម្ពាធយោធាលើកោះតៃវ៉ាន់ និងបានកាត់ផ្តាច់បណ្តាញទំនាក់ទំនងយោធា និងយោធាជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីពេលនោះប្រធានសភាតំណាងរាស្រ្តលោកស្រី Nancy Pelosi បានទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ ក្នុងខែសីហា ដោយក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក ដែលបានបោះជើងលើកោះនេះក្នុងមួយសតវត្ស។
លោក Austin បាននិយាយកាលពីថ្ងៃសៅរ៍ នៅក្នុងសុន្ទរកថា របស់លោកទៅកាន់វេទិកាសន្តិសុខថា ជម្លោះណាមួយនៅក្នុងច្រកសមុទ្រតៃវ៉ាន់ នឹង “បំផ្លិចបំផ្លាញ” ហើយថា ទីក្រុងវ៉ាស៊ីនតោន ស្វែងរកការបើកចំហរ នៃការប្រាស្រ័យទាក់ទងជាមួយទីក្រុងប៉េកាំង ដើម្បីការពារការគណនាខុស៕ ប្រែសម្រួល ឈូក បូរ៉ា