ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី បញ្ជាក់ថា​ ប្រតិបត្ដិការ វាយលុកលើរុស្ស៊ី ចាប់ផ្ដើមហើយ

គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានអះអាងថា ការវាយលុកមួយ ត្រូវបានចាប់ផ្តើមប្រឆាំង នឹងការឈ្លានពាន របស់កងកម្លាំងរុស្ស៊ី ដែលជាវិធានការមួយ ដែលអាចបម្រើ ជាចំណុចរបត់នៃសង្រ្គាម ដែលបានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំមុន។

លោក ហ្សេឡិនស្គី បានប្រាប់សន្និសីទសារព័ត៌មាន រួមគ្នាជាមួយ នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau នៅទីក្រុងគៀវ ថា “សកម្មភាពវាយលុក និងការពារសមស្រប កំពុងកើតឡើង នៅអ៊ុយក្រែន” ដោយបន្ថែមថា “ខ្ញុំនឹងមិននិយាយលម្អិត នៅដំណាក់កាលណានោះទេ” ។

ការកត់សម្គាល់នេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងកាលពីថ្ងៃសុក្រថា “យើងអាចបញ្ជាក់ដោយសុវត្ថិភាពថា ការវាយលុកបានចាប់ផ្តើម” ខណៈដែលកត់សម្គាល់ថា “កងទ័ពអ៊ុយក្រែនបានបរាជ័យ ក្នុងការសម្រេចបាននូវគោលដៅ របស់ពួកគេនៅក្នុងវិស័យប្រយុទ្ធទាំងអស់ ដែលច្បាស់ជាថ្ងៃ”។

លោក ហ្សេឡិនស្គី បានសង្កត់ធ្ងន់ក្នុងអំឡុងសន្និសីទសារព័ត៌ មានថា លោកកំពុងមានទំនាក់ទំនងប្រចាំថ្ងៃ ជាមួយមេបញ្ជាការ របស់ប្រទេសរបស់គាត់ ហើយថា “ឥឡូវនេះទាំងអស់ កំពុងស្ថិតក្នុងអារម្មណ៍វិជ្ជមាន” នេះបើយោងតាមគេហទំព័រ របស់ប្រធានាធិបតីអ៊ុយក្រែន។

អ៊ុយក្រែនកំពុងស្វែងរកយកមកវិញនូវទឹកដី ដែលបាត់បង់ទៅឱ្យរុស្ស៊ីក្នុងការ លុកលុយ ខណៈដែលប្រទេសនេះ នៅតែបន្តទទួលបានជំនួយ ផ្នែកយោធាយ៉ាងច្រើន ពីសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត នៅលោកខាងលិច។

គិតត្រឹមថ្ងៃសៅរ៍សប្ដាហ៍មុននេះ យោងតាមការអាប់ដេតព័ត៌មានស៊ើបការណ៍សម្ងាត់របស់ក្រសួងការពារជាតិអង់គ្លេស ប្រតិបត្តិការសំខាន់ៗរបស់អ៊ុយក្រែន បាននិងកំពុងកើតឡើងនៅក្នុងវិស័យជាច្រើននៃភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែនក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយនេះ។

ក្រសួងបានឲ្យដឹងថា នៅក្នុងតំបន់មួយចំនួន កងកម្លាំងអ៊ុយក្រែន ទំនងជាមានវឌ្ឍនភាពល្អ និងបានជ្រៀតចូលខ្សែការពារ ដំបូងរបស់រុស្ស៊ី ហើយនៅក្នុងផ្នែកខ្លះទៀត វឌ្ឍនភាពរបស់អ៊ុយក្រែន មានភាពយឺតយ៉ាវ៕

Most Popular

To Top