ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី ៖ គ្មាននរណាម្នាក់ដឹងថា សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន បញ្ចប់នៅពេលណានោះទេ

xinhua

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងនៅក្នុងសន្និសីទ កាសែតប្រចាំឆ្នាំរបស់លោក​ថា គ្មាននរណាម្នាក់ដឹងថា​ នៅពេលណាដែលជម្លោះ រុស្ស៊ី-អ៊ុយក្រែន នឹងបញ្ចប់នោះទេ។

លោក ហ្សេឡិនស្គី បានប្រាប់សន្និសីទសារព័ត៌មាន ដែលផ្សាយផ្ទាល់ដោយទូរទស្សន៍សាធារណៈរបស់ប្រទេសអ៊ុយក្រែន Suspilne ថា “ខ្ញុំគិតថាគ្មាននរណាម្នាក់ដឹងចម្លើយនោះទេ។ សូម្បីតែមនុស្ស ដែលគោរព មេបញ្ជាការរបស់យើង និងដៃគូលោកខាងលិចរបស់យើង ដែលនិយាយថា សង្រ្គាមនឹងមានរយៈពេលជាច្រើនឆ្នាំ ពួកគេមិនដឹងទេ” ។

ដោយអត្ថាធិប្បាយលើសមិទ្ធិផលរបស់អ៊ុយក្រែន ក្នុងជម្លោះក្នុងឆ្នាំ២០២៣ លោក ហ្សេឡិនស្គី បានឲ្យដឹងថា អ៊ុយក្រែនទទួលបាន “ជ័យជម្នះដ៏សំខាន់” នៅក្នុងសមុទ្រខ្មៅ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក ​បានលើកឡើងថា “នៅក្នុងអ៊ុយក្រែន និងនៅក្រៅប្រទេស អ្នករាល់គ្នាអាចដឹងគុណថា កងនាវារុស្ស៊ី ត្រូវបានដកហូតការគ្រប់គ្រងទាំងស្រុងរបស់ពួកគេនៅក្នុងសមុទ្រខ្មៅអ៊ុយក្រែន” ដោយទទូចថា រុស្ស៊ី ​មិនបានសម្រេចគោលដៅណាមួយរបស់ខ្លួននោះទេ​ នៅឆ្នាំនេះ”។

នៅពេលនិយាយអំពីការវាយលុក របស់អ៊ុយក្រែន លោក ហ្សេឡិនស្គី បានលើកឡើងថា ការពិតដែលថា អ៊ុយក្រែន មិនបានគ្រប់គ្រងជើងមេឃ និងមិនមានគ្រាប់រំសេវ គ្រប់គ្រាន់ បានប៉ះពាល់ដល់ប្រតិបត្តិការយោធា នៅក្នុងតំបន់ភាគខាងត្បូង ក្នុងឆ្នាំនេះ។

លោក ​បន្ដ​ថា មេបញ្ជាការយោធាបានផ្តល់ជូនលោកក្នុងការប្រមូលផ្តុំទាហាន បន្ថែមពីចន្លោះពី ៤៥ ទៅ ៥០ម៉ឺននាក់​ ដើម្បីចូលរួមក្នុងការការពារជាតិ និងប្រតិបត្តិការ វាយលុក ដ៏មានសក្តានុពល របស់អ៊ុយក្រែន ប៉ុន្តែការសម្រេចចិត្ត លើការចល័ត របស់ពួកគេមិនទាន់ត្រូវបានអនុម័តនៅឡើយទេ។

នៅពេលសួរអំពីលទ្ធភាពនៃការចូលរួមផ្នែកខ្លះ នៃអ៊ុយក្រែន ទៅកាន់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក ហ្សេឡិនស្គី បានលើកឡើងថា ជម្រើសនេះ គឺនៅក្រៅតារាងដោយសារ តែហានិភ័យជាក់លាក់៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top