ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងលោក Manuel Marrero នាយករដ្ឋមន្រ្តីគុយបា បានប្តេជ្ញាថា នឹងធ្វើកាន់តែឱ្យស៊ីជម្រៅថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង២ ។
លោក ពូទីន បានថ្លែងយ៉ាងដូច្នេះនៅក្នុងអំឡុងកិច្ចប្រជុំជាមួយលោក Marrero នៅឯវិមានក្រឹមឡាំងថា “មិនចាំបាច់សង្កត់ធ្ងន់ទៅលើលក្ខណៈពិសេស សម្ព័ន្ធមិត្ត និងយូរអង្វែងនៃទំនាក់ទំនងរបស់យើងដែលបានបង្កើតឡើងជាច្រើនទសវត្សរ៍មុននោះទេ” ។
លោក ពូទីន បានថ្លែងថា ទំនាក់ទំនងរវាង រុស្ស៊ី និងគុយបា កំពុងពង្រីក បើទោះបីជាមានការលំបាកក៏ដោយ ហើយកិច្ចសហប្រតិបត្តិការទ្វេភាគីគួរតែអភិវឌ្ឍក្នុងវិស័យជាច្រើនរួមទាំងវិស័យថាមពល និងទេសចរណ៍ ។
លោកបានបញ្ជក់ថា “គុយបា បានរស់នៅក្រោមការដាក់ទណ្ឌកម្មខុសច្បាប់ អស់ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែប្រជាជនគុយបា កំពុងប្រឈមមុខនឹងពួកគេ ។ សម្រាប់ផ្នែករបស់យើង យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធានាថា កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរបស់យើងជួយជម្នះការលំបាកដែលបានដាក់ មកលើអ្នកទាំងអស់គ្នា” ។
ចំណែលោក Marrero បានកត់សម្គាល់ថា ការងារកំពុងដំណើរការរួចហើយដើម្បី អនុវត្តគម្រោងសហប្រតិបត្តិការរវាងប្រទេសទាំង២ ។
លោកបានថ្លែងឲ្យដឹងថា “យើងសប្បាយរីករាយយ៉ាងខ្លាំងណាស់ចំពោះល្បឿនដែល ទំនាក់ទំនងរបស់យើងកំពុងផ្លាស់ប្តូរ ហើយទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចកំពុងត្រូវបាន លើកឡើងដល់កម្រិតដូចគ្នាទៅនឹងទំនាក់ទំនងនយោបាយដែរ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា