ប៉េកាំង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួន បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ប្រកាសរក្សាគោល នយោបាយរបស់ខ្លួនក្នុងការ “បង្កើនការផលិតអាវុធ នុយក្លេអ៊ែរដ៏មានឥទ្ធិពល” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ការសន្យានេះធ្វើឡើង បន្ទាប់ពីគណបក្សពលករកូរ៉េ បានបញ្ចប់កិច្ចប្រជុំសំខាន់មួយ កាលពីថ្ងៃមុន ។ ប្រទេសនេះក៏បានវាយតម្លៃ ថា ការប៉ុនប៉ងបរាជ័យរបស់ខ្លួន ក្នុងការបាញ់បង្ហោះផ្កាយរណប ឈ្លបយកការណ៍យោធា កាលពីចុងខែមុន គឺជាចំណុចខ្វះខាត “ធ្ងន់ធ្ងរបំផុត” ដែល “មិនអាចមើលរំលងបាន” ។
ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សបានអំពាវនាវថា “វិស័យការពារជាតិ ត្រូវប្រកាន់ខ្ជាប់នូវទិសដៅនៃការ អភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងខ្សែបន្ទាត់នៃការពង្រឹង កងកម្លាំងនុយក្លេអ៊ែរ តាមរយៈការបង្កើនការផលិត អាវុធនុយក្លេអ៊ែរដ៏មានឥទ្ធិពល”៕
ប្រែសម្រួល ឈូក បូរ៉ា