ព័ត៌មានអន្តរជាតិ

Toyota ទទួលបានប្រាក់ឧបត្ថម្ភធន ពីរដ្ឋាភិបាលជាង១២០ពាន់លានយេន ដើម្បីវិនិយោគលើថ្ម សម្រាប់រថយន្តអគ្គិសនី

បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែត The Kyodo News នៅថ្ងៃនេះបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តយក្សជប៉ុន Toyota Motor Corp នឹងទទួលបានប្រាក់ឧបត្ថម្ភធន ពីរដ្ឋាភិបាលជប៉ុនក្នុងទំហំប្រមាណជា១២០ពាន់លានយេន ឬត្រូវជាជាង៨៤០លានដុល្លារ។

ប្រភពដដែលបានបន្តថា ប្រាក់ឧបត្ថម្ភកញ្ចប់នេះ នឹងត្រូវប្រើប្រាស់សម្រាប់ការអភិវឌ្ឍ និងវិនិយោគទៅលើការផលិតថ្ម សម្រាប់រថយន្តអគ្គិសនីម៉ូដេលថ្មី ដើម្បីកាត់បង្កើនទាំងអាយុកាល និងបង្កើនទាំងគុណភាពរបស់រថយន្តអគ្គិសនី ជំនាន់ក្រោយៗ។

ការគាំទ្ររបស់រដ្ឋាភិបាល លើកនេះ ក៏នឹងមានគោលដៅធានា ឲ្យបាននូវស្ថេរភាពសេដ្ឋកិច្ច តាមរយៈការលើកកំពស់ នៃផលិតផលនិង បច្ចេកវិទ្យាដ៏សំខាន់ៗ របស់ជប៉ុនដែលមានរួមទាំងថ្ម សម្រាប់រថយន្តផងនិងបន្ទះឈីបផង។

គួរឲ្យដឹងដែរថា តាមផែនការ ក្រុមហ៊ុន Toyota នឹងធ្វើការបង្កើនផលិតកម្ម ផលិតរថយន្តអគ្គិសនី របស់ខ្លួនប្រមាណជា១០ម៉ូដេលផ្សេងទៀត ហើយក៏នឹងបង្កើនចំនួន នៃការលក់រថយន្តអគ្គិសនីឲ្យបានទៅដល់១,៥លានគ្រឿង ជារៀងរាល់ឆ្នាំផងដែរ នៅត្រឹមឆ្នាំ២០២៦ខាងមុខនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top