ព័ត៌មានអន្តរជាតិ

ហុងកុង នៅតែជាទីក្រុងមួយ ដែលមានសេដ្ឋកិច្ចប្រកួតប្រជែង បំផុតរបស់ពិភពលោក

ហុងកុង៖ ទីក្រុងហុងកុង នៅតែជាទីក្រុង ដែលមានសេដ្ឋកិច្ចប្រកួតប្រជែងបំផុត ក្នុងពិភពលោក ដោយជាប់ចំណាត់ថ្នាក់ទី៧ ទូទាំងពិភពលោក នេះបើយោងតាមសៀវភៅប្រចាំឆ្នាំ នៃការប្រកួតប្រជែងពិភពលោក (WCY) ឆ្នាំ២០២៣ ដែលបោះពុម្ពដោយវិទ្យាស្ថានអន្តរជាតិ សម្រាប់ការអភិវឌ្ឍន៍ការគ្រប់គ្រង (IMD) ដែលមានមូលដ្ឋាននៅប្រទេសស្វីស ។

ក្នុងចំណោមកត្តាប្រកួតប្រជែងទាំង៤ នៅក្នុង WCY ឆ្នាំ២០២៣ ហុងកុង បន្តជាប់ចំណាត់ថ្នាក់ទីពីរ ជាសាកលទាក់ទងនឹង ប្រសិទ្ធភាព របស់រដ្ឋាភិបាល ហើយចំណាត់ថ្នាក់របស់ទីក្រុងនេះ នៅក្នុងហេដ្ឋារចនាសម្ព័ន្ធ ក៏ប្រសើរឡើងផងដែរ។

ទីក្រុងហុងកុង បន្តឈរនៅលំដាប់កំពូលក្នុងច្បាប់អាជីវកម្ម ហើយស្ថិតក្នុងចំណោមកំពូលទាំង៥ ក្នុងគោលនយោបាយពន្ធ ការវិនិយោគអន្តរជាតិ ពាណិជ្ជកម្មអន្តរជាតិ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា នេះបើយោងតាមរបាយការណ៍។

ថ្លែងមតិលើចំណាត់ថ្នាក់នេះ អ្នកនាំពាក្យរដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានឲ្យដឹងថា ភាពប្រកួតប្រជែងរបស់ទីក្រុង ត្រូវបានគាំទ្រដោយភាពរឹងមាំនៃស្ថាប័នដាច់ដោយឡែកនៅក្រោម “ប្រទេសមួយ ប្រព័ន្ធពីរ” ។

អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា នៅពេលដែលហុងកុង ចាប់ផ្តើមដំណើរការធម្មតាឡើងវិញ និងស្តារការតភ្ជាប់ពេញលេញទៅកាន់ដីគោក និងពិភពលោកទាំងមូល សេដ្ឋកិច្ចរបស់ខ្លួននឹងប្រសើរឡើងគួរឱ្យកត់សម្គាល់នៅឆ្នាំនេះ។

អ្នកនាំពាក្យរូបនេះបានបន្ដថា “ហុងកុង នឹងប្រើប្រាស់ការគាំទ្រដ៏រឹងមាំនៃមាតុភូមិរបស់យើង ខណៈពេលដែលរក្សាទំនាក់ទំនងជាមួយពិភពលោក ហើយបន្តបម្រើ តួនាទីពិសេសរបស់យើង ជាច្រកចេញចូល ក្រុមប្រឹក្សាភិបាល និងជាអន្តរការី ដោយគុណប្រយោជន៍នៃស្ថាប័ន និងភូមិសាស្ត្រពិសេស របស់យើង” ៕

Most Popular

To Top