ព័ត៌មានអន្តរជាតិ

ចិន​គាំទ្រ​ ​កិច្ចប្រឹងប្រែង ​ដើម្បី​ស្ថិរភាព​ប្រទេស​រុស្ស៊ី បន្ទាប់ពី​ទាហានស៊ីឈ្នួល Wagner ងើបបះបោរ

បរទេស ៖ រុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសចិនបានបង្ហាញការគាំទ្រ របស់ខ្លួននៅពីក្រោយកិច្ចខិតខំប្រឹងប្រែង របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដើម្បីធ្វើស្ថិរភាពក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីមានការបះបោរប្រឆាំង នឹងវិមានក្រឹមឡាំង ដោយកងទ័ពស៊ីឈ្នួល Wagner ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹង ដោយផ្អែតាមក្រសួង ការបរទេសរុស្ស៊ីថា ប្រទេសចិន បានប្រកាសគាំទ្រ ដល់ការដឹកនាំនៅទីក្រុងមូស្គូ ក្នុងអំឡុងដំណើរ ទស្សនកិច្ច ដែលមិនបានប្រកាស មកកាន់ទីក្រុងប៉េកាំង ដោយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrei Rudenko ។

សេចក្តីថ្លែងការណ៍របស់រុស្សុីថា “ភាគីចិនបានសម្តែងការគាំទ្រ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំនៃសហព័ន្ធរុស្សី ក្នុងការធ្វើឱ្យស្ថានការណ៍ មានស្ថិរភាពក្នុងប្រទេស ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃទី២៤ ខែមិថុនា ហើយបានបញ្ជាក់សារជាថ្មី នូវចំណាប់អារម្មណ៍របស់ខ្លួនក្នុងការពង្រឹងឯកភាព និងវិបុលភាពបន្ថែមទៀតរបស់រុស្ស៊ី” ។

លោក Rudenko បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន Qin Gang ដើម្បីពិភាក្សាអំពី “បញ្ហាអន្តរជាតិ និងតំបន់ដែលមានកង្វល់រួម”, នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការ​បរទេស​ចិន ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន។

ដំណើរទស្សនកិច្ចរបស់លោក Rudenko បានកើតឡើងមួយថ្ងៃបន្ទាប់ពីលោក Yevgeny Prigozhin ប្រធានកងទ័ពស៊ីឈ្នួលឯកជន Wagner Group បានបញ្ជាឱ្យកងទ័ពរបស់គាត់ដើរក្បួនទៅកាន់ទីក្រុងមូស្គូក្នុងការប្រកួតប្រជែងដ៏ធំបំផុត ចំពោះអំណាចជាងពីរទសវត្សរ៍ របស់លោក ពូទីន។ ប៉ុនែ្ត យ៉ាងណាក៏ដោយ លោក Prigozhin បានឈានដល់កិច្ចព្រមព្រៀង កាលពីថ្ងៃសៅរ៍ជាមួយវិមានក្រឹមឡាំងដើម្បីនិរទេសខ្លួន។

គេមិន​ច្បាស់​ថា​ តើ​ដំណើរ​ទស្សនកិច្ច​របស់​លោក Rudenko ទៅកាន់​ប្រទេស​ចិន ​ជា​ការ​ឆ្លើយ​តប​នឹង​ការ​បះបោរ​នោះ​ឬ​យ៉ាង​ណា នោះទេ។

ក្រសួងការបរទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃអាទិត្យថា ការបះបោរគឺជា “កិច្ចការផ្ទៃក្នុងរបស់រុស្ស៊ី” ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top