បរទេស ៖ លោក Aleksey Reznikov រដ្ឋមន្ត្រីការពារជាតិ របស់អ៊ុយក្រែន បានការអះអាងថា យោធាខ្លួនបានបាញ់ ទម្លាក់មីស៊ីលលឿន ជាងសំឡេងរបស់រុស្ស៊ី ប៉ុន្តែការអះអាងនេះ បានជំរុញឲ្យមានការបង្ហាញ ពីការមិនជឿពីមន្ត្រីចិនដែលមកទស្សនកិច្ចនៅក្នុងទីក្រុងគៀវ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រតិកម្មនេះត្រូវបានពិពណ៌នាដោយកាសែត Financial Times កាលពីថ្ងៃពុធដោយផ្អែកលើគណនីរបស់រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ។ នាយកដ្ឋានរបស់លោក Reznikov បានអះអាងថា ខ្លួនបានស្ទាក់ចាប់មីស៊ីល Kinzhal របស់រុស្ស៊ីជាលើកដំបូងនៅក្នុងខែឧសភា ដោយប្រើប្រាស់ប្រព័ន្ធប្រឆាំងមីស៊ីល Patriot ដែលផលិតដោយសហរដ្ឋអាមេរិក។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលទីក្រុងគៀវ បានរាយការណ៍ពីការបាញ់ ទម្លាក់អាវុធបែបនេះជាច្រើនគ្រាប់ ដែលទីក្រុងមូស្គូបានចំអកថា មិនស៊ីគ្នានឹងការពិត ។
មន្ត្រីអ៊ុយក្រែនបានប្រកាសថា ប្រជាជាតិរបស់លោកបានបង្ហាញឱ្យឃើញថា អាវុធល្បឿនលឿនជាងសំឡេងអាចត្រូវបានការពារប្រឆាំង ដោយបង្ហាញនៅក្នុងដំណើរការ នូវសមត្ថភាពកម្រិតខ្ពស់នៃប្រព័ន្ធណាតូ។ លោកបានអះអាងថា នៅពេលដែលលោកបានផ្សាយ ព័ត៌មាននៃការទទួលបានជោគជ័យដំបូង ដល់មន្ត្រីសហរដ្ឋអាមេរិក ការឆ្លើយតបមកវិញគឺថា «អស្ចារ្យណាស់!»។
ប៉ុន្តែយ៉ាងណាក៏ដោយ លោក Li Hui ដែលជាអ្នកតំណាងពិសេសរបស់ប្រទេសចិនសម្រាប់កិច្ចការអឺរ៉ាស៊ី ដែលបានទៅបំពេញទស្សនកិច្ចនៅទីក្រុងគៀវ ប្រទេសអ៊ុយក្រែន កាលពីពាក់កណ្តាលខែឧសភា មានការសង្ស័យអំពីសមត្ថភាពរបស់ទីក្រុងគៀវ ក្នុងការទម្លាក់មីស៊ីលប្រភេទ Kinzhals ៕
ប្រែសម្រួលៈ ណៃ តុលា
