ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ចង់បានយន្តហោះចម្បាំង ពីលោកខាងលិច ច្រើនបន្ថែមទៀត មិនមែនត្រឹមតែ F-16 ឡើយ

ប្រភព ៖ AFP

បរទេស ៖ អ្នកនាំពាក្យ របស់កងកម្លាំងទ័ពអាកាស អ៊ុយក្រែន លោក Yury Ignat កាលពីថ្ងៃអង្គារម្សិលមិញនេះ បាននិយាយថា យន្តហោះចម្បាំង F-16 ដែលធ្លាប់បានសន្យា ផ្តល់កងកម្លាំងយោធា អ៊ុយក្រែន ដោយលោក ខាងលិចនោះ គឺមិនមែនត្រឹមតែ ជាយន្តហោះចម្បាំង ដែលរដ្ឋាភិបាលក្រុងគៀវ ចង់បានមួយគត់នោះទេ ។

យោងតាមការ ចេញផ្សាយ របស់ RT អ៊ុយក្រែនក៏នឹងពិចារណា ទៅលើប្រភេទយន្តហោះចម្បាំងផ្សេងទៀត របស់បណ្តាប្រទេស នៅលោកខាងលិច ដើម្បីបង្កើនសមត្ថភាព ប្រយុទ្ធរបស់ខ្លួនផង ដែលក្នុងនោះអាចមាន ទាំងយន្តហោះប្រភេទ F/A-18 Hornets ដែលផលិតនៅអាមេរិក ពីកងទ័ពអូស្ត្រាលីផងដែរ ។

ទោះបីជាយ៉ាងណាក្តី លោកអ្នកនាំពាក្យបានពន្យល់ថា អ៊ុយក្រែនមិនអាចធ្វើការដាក់សំពាធ និងបង្ខំសហរដ្ឋអាមេរិក និងលោកខាងលិចឡើយពោល គឺវាអាស្រ័យទៅលើការ សម្រេចចិត្ត ផ្តល់ជំនួយរបស់ពួកគេប៉ុណ្ណោះ។

លោក Ignat បានបន្តថាយន្តហោះចម្បាំង ផ្សេងទៀតដែលមានទាំង F/A-18, F-15 និង Eurofight Typhoon ផងសុទ្ធតែជាយន្តហោះចម្បាំង ដែលមានសមត្ថភាពហោះហើរ បានឆ្ងាយនិងវាយប្រហារ បានជ្រៅ ដល់រុស្សីប៉ុន្តែទោះបីជាយ៉ាងណាក្តី នៅពេលនេះអ៊ុយក្រែននឹងផ្តោត សំខាន់តែទៅលើយន្តហោះ F-16 អាមេរិកជាមុនសិន ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top