ព័ត៌មានអន្តរជាតិ

ហុងគ្រី គំរាមរារាំងរាល់ ជំនួយយោធា របស់ EU ដល់អ៊ុយក្រែន

ប្រភព ៖ AFP

បរទេស ៖ ប្រទេសហុងគ្រី នឹងមិនយល់ព្រម ចំពោះការផ្តល់ហិរញ្ញប្បទាន បន្ថែមរបស់សហភាពអឺរ៉ុប លើការដឹកជញ្ជូនសព្វាវុធ ទៅអ៊ុយក្រែន នោះទេ លុះត្រាតែរដ្ឋាភិបាលទីក្រុងគៀវ ដកអ្នកផ្តល់ប្រាក់កម្ចីធំ ជាងគេរបស់ប្រទេស ហុងគ្រី ចេញពីបញ្ជីនៃ ” អ្នកឧបត្ថម្ភសង្រ្គាម”, នេះបើតាមរដ្ឋមន្ត្រី ការបរទេស ហុងគ្រី លោក Peter Szijjarto បានប្រាប់សន្និសីទ សារព័ត៌មាន កាលពីថ្ងៃអង្គារ។ លោក Peter Szijjarto បាន ស្តីបន្ទោសអ៊ុយក្រែន ចំពោះការដាក់ ធនាគារ OTP របស់ប្រទេសហុងគ្រី លើអ្វីដែលលោកហៅថា “បញ្ជីអាម៉ាស់” ដោយហៅការដាក់ ក្នុងបញ្ជីនេះថា “គួរឱ្យស្អប់ខ្ពើម” និង “មិនអាចទទួលយកបាន” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់លោក Peter Szijjarto ថា “ជំហររបស់យើងគឺច្បាស់លាស់ ៖ រហូតដល់ OTP ដែលជាធនាគារនៅហុងគ្រី ត្រូវបានដកចេញពីបញ្ជីនេះ, ហុងគ្រី នឹងមិនផ្តល់ភ្លើងខៀវ បន្ថែមលើការផ្តល់មូលនិធិ របស់សហភាពអឺរ៉ុបសម្រាប់ការដឹកជញ្ជូនអាវុធទៅអ៊ុយក្រែនទេ” ។ លោកបានព្រមានថា ការសម្រេចចិត្តនេះ នឹងគ្របដណ្តប់ មិនត្រឹមតែប្រាក់ ៥០០លានអឺរ៉ូ (៥៤៦ លានដុល្លារ) នៃអាវុធដែលទីក្រុង Budapest បានវេតូមុននោះទេ ប៉ុន្តែលោកបានព្រមានថា ជំនួយផ្នែកយោធាណាមួយ បន្ថែមទៀតផងដែរ អាចនឹងត្រូវ វេតូ ។

លោក Szijjarto បាននិយាយទៀតថា “វានឹងប្រសើរ ជាងប្រសិនបើពួកគេ [សហភាពអឺរ៉ុប] មិនចេញសំណើណាមួយ ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ការចែកចាយអាវុធបន្ថែមទៀត” ។

លោក Szijjarto បាននិយាយបន្ទាប់ពីកិច្ចប្រជុំ នៃគណៈកម្មាធិការសេដ្ឋកិច្ចរួមហុងគ្រី-ហ្ស៊កដានីថា ទីក្រុង Budapest “កំពុងធ្វើអ្វីគ្រប់យ៉ាង ដើម្បីជួយប្រជាជន អ៊ុយក្រែន” ហើយប្រជាជនហុងគ្រី “កំពុងបង់ថ្លៃនៃសង្រ្គាមដែលពួកគេមិនមានពាក់ព័ន្ធ” អ្វីសោះ ។ មន្ត្រីរូបនេះក៏បានហៅ អាកប្បកិរិយារបស់ក្រុងកៀវ ចំពោះប្រទេសហុងគ្រី ថាជាការលេងសើច និងថា “ពេលខ្លះយើងពិតជាមានអារម្មណ៍ថាពួកគេ [អ៊ុយក្រែន] កំពុងលេងសើចនឹងយើង” ៕

Most Popular

To Top