ព័ត៌មានអន្តរជាតិ

ការ​លក់​អាវុធ​របស់​អាមេរិក កំពុងរុញ​ឲ្យ​កោះតៃវ៉ាន់ ធ្លាក់ទៅក្នុងគ្រោះមហន្តរាយ

រូបភាពពី៖​ AFP

ប៉េកាំង៖ អ្នកនាំពាក្យការពារជាតិចិន បានឲ្យដឹងថា ការលក់អាវុធរបស់សហរដ្ឋអាមេរិក ដល់កោះតៃវ៉ាន់ កំពុងជំរុញប្រជាជននៅលើកោះនេះ ឆ្ពោះទៅរកគ្រោះមហន្តរាយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងសព្វាវុធ ដែលត្រូវបានអនុម័តដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលមានការលក់គ្រាប់រំសេវដល់កោះតៃវ៉ាន់ និងការគាំទ្រការផ្គត់ផ្គង់ភស្តុភារ។

លោកបានលើកឡើងថា ប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការលក់អាវុធរបស់ភាគីអាមេរិក ទៅកាន់តំបន់តៃវ៉ាន់ របស់ប្រទេសចិន ហើយបានធ្វើការតំណាងយ៉ាងឱឡារិកលើបញ្ហានេះ។

លោកបន្ដថា ការ​លក់​សព្វាវុធ​គឺ​ជា​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ទាំងស្រុង ចំពោះ​ផលប្រយោជន៍​ស្នូល​របស់​ចិន។ វាជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរ នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងបង្កើនភាពតានតឹងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ដោយចេតនា។

ចិន​ជំរុញ​ឲ្យ​អាមេរិក ​គោរព​គោលការណ៍​ចិន ​តែមួយ និង​បទប្បញ្ញត្តិ​នែសេចក្ដីថ្លែងការណ៍រួមរបស់​ចិន-អាមេរិក នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Tan។ លោកបានបន្ថែមថា ភាគីអាមេរិកត្រូវតែបញ្ឈប់ការលក់អាវុធទៅឱ្យតៃវ៉ាន់ បញ្ឈប់រាល់ទម្រង់ នៃការឃុបឃិតផ្នែកយោធាជាមួយតៃវ៉ាន់ និងគោរពការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការមិនគាំទ្រ “ឯករាជ្យភាពរបស់តៃវ៉ាន់” ។

លោកបានកត់សម្គាល់ថា គ្រោងការណ៍របស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់កោះតៃវ៉ាន់ ដើម្បីទប់ស្កាត់ប្រទេសចិន ក៏ដូចជាការប៉ុនប៉ងរបស់អាជ្ញាធរ នៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យរបស់តៃវ៉ាន់ ក្នុងការស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” ដោយកម្លាំង ទាំងពីរនឹងត្រូវបរាជ័យ។

លោកបន្ថែមថា កងទ័ពរំដោះប្រជាជនចិន នៅតែមានការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា ហើយនឹងការពារយ៉ាងម៉ឺងម៉ាត់ នូវអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top