ព័ត៌មានអន្តរជាតិ

យានអវកាសនាំស្បៀង របស់ក្រុមហ៊ុន SpaceX នឹងនាំយកវត្ថុវិភាគ មកកាន់ភពផែនដីវិញ 

ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ថា ទីចាត់ការអវកាស និងកម្មវិធីអវកាសជាតិសហរដ្ឋអាមេរិក ហៅកាត់ថា អង្គការ NASA បានឲ្យដឹងកាលពីថ្ងៃចន្ទថា យានអវកាសផ្គត់ផ្គង់ស្បៀងរបស់ក្រុមហ៊ុន SpaceX នឹងចាកចេញពីស្ថានីយ៍អវកាសអន្តរជាតិហៅកាត់ (ISS) នៅថ្ងៃព្រហស្បតិ៍ ហើយនឹងនាំមកនូវវត្ថុវិភាគស្រាវជ្រាវវិទ្យាសាស្ត្រ និងផ្នែករឹងមកកាន់ផែនដីយើងវិញ ។

គេបានដឹងថា យានអវកាសនេះត្រូវបានកំណត់ពេលចុះចតពីស្ថានីយ ISS នៅម៉ោង១២និង០៥នាទីរសៀល ម៉ោងនៅថ្ងៃព្រហស្បតិ៍ ហើយធ្វើការលោតឆ័ត្រយោង នៅម៉ោង២និង៣០នាទីព្រឹកថ្ងៃសុក្រ នៅឯឆ្នេរសមុទ្រនៃរដ្ឋ ផ្លរីដា ស្ថិតនៅភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក ។

ទីចាត់ការនៃអង្គការ NASA បានឲ្យដឹងថា យានអវកាសនេះ នឹងបញ្ជូនត្រឡប់មកផែនដីវិញ នូវការផ្គត់ផ្គង់ដែលទម្ងន់ជាង៣.៦០០ផោន និងការពិសោធន៍ផ្នែកវិទ្យាសាស្ត្រ ដែលត្រូវបានរចនាឡើង ដើម្បីទាញយកអត្ថប្រយោជន៍ពីបរិស្ថានមីក្រូទំនាញរបស់ស្ថានីយ៍អវកាស ។

គួររំលឹកថា យានអវកាសនេះត្រូវបានបាញ់បង្ហោះឡើងកាលពីថ្ងៃទី៥ ខែមិថុនា ដោយប្រើគ្រាប់រ៉ុក្កែត SpaceX Falcon 9 ដែលបានបាញ់ចេញពីមជ្ឈមណ្ឌលអវកាស Kennedy របស់ទីចាត់ការនៃអង្គការ NASA ។

យានអវកាសដដែលនេះបានមកដល់ស្ថានីយ ISS នៅថ្ងៃទី៦ ខែមិថុនា ដោយបានផ្តល់នូវការស៊ើបអង្កេតស្រាវជ្រាវជាង ៧.៧០០ផោន ការផ្គត់ផ្គង់នាវិក និងផ្នែករឹងនៅស្ថានីយ៍ផងដែរ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top