តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ថា សមាគមកំពង់ផែ Nagoya បានឲ្យដឹងថាសកម្មភាពកុងតឺន័រនៅកំពង់ផែដឹកទំនិញដ៏មមាញឹកបំផុតរបស់ប្រទេសជប៉ុន បានចាប់ផ្ដើមឡើងវិញមួយផ្នែកនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ក្រោយពីមានការពន្យារពេលយ៉ាងយូរ បន្ទាប់ពីមានការវាយប្រហារដោយក្រុម Hacker ដែលមានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី មកលើប្រព័ន្ធកុំព្យូទ័ររបស់ខ្លួន ។
កំពង់ផែ Nagoya ស្ថិតនៅក្នុងខេត្ត Aichi ភាគកណ្តាល នៃប្រទេសជប៉ុន ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនសម្រាប់ក្រុមហ៊ុន Toyota Motor Corp. ដែលដំបូងឡើយគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការឡើងវិញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ។
សមាគមដឹកជញ្ជូនកំពង់ផែ Nagoya បានបញ្ជាក់ថា ប៉ុន្តែការងារជួសជុលលើប្រព័ន្ធកុំព្យូទ័រ ដែលឆ្លងមេរោគបានចំណាយពេលយូរជាងអ្វីដែលបានរំពឹងទុក ។
ចំពោះភស្តុភារនៅកំពង់ផែ ដែលជាច្រកផ្លូវសម្រាប់ក្រុមហ៊ុនផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្តជាច្រើនដែលមានមូលដ្ឋាននៅក្នុងតំបន់ ត្រូវបានផ្អាកចាប់តាំងពីថ្ងៃអង្គារ ដោយអាចរំខានដល់ផែនការដឹកជញ្ជូនសម្រាប់អ្នកផលិតរថយន្ត និងគ្រឿងបន្លាស់មួយចំនួនទៀត ។
គួរបញ្ជាក់ថា ប្រព័ន្ធកុំព្យូទ័រគ្រប់គ្រងការផ្ទុកកុងតឺន័រ មិនបានដំណើរការកាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីបានឆ្លងមេរោគ ។ វាត្រូវបានជួសជុលឡើងវិញនៅម៉ោង៧និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ ។
សមាគមខាងលើបានបញ្ជាក់ទៀតថា ក្រុម Hacker មានឈ្មោះថា LockBit 3.0 បានទាមទារប្រាក់ជាថ្នូរសម្រាប់ការឲ្យមានដំណើរការមកវិញ នូវការគ្រប់គ្រង នៃប្រព័ន្ធកុំព្យូទ័រ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា