ព័ត៌មានអន្តរជាតិ

រុស្សី ធ្វើការអាប់ដេត ចំនួនក្រុមប្រយុទ្ធ បរទេស ដែលស្ថិតនៅក្នុងប្រទេស អ៊ុយក្រែន

ប្រភព ៖ AFP

បរទេស ៖ ក្រសួងការពារជាតិ របស់ប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានអះអាងថាចំនួនទាហ៊ានស៊ីឈ្នួល ត្រឹមតែ២២០០នាក់ប៉ុណ្ណោះ ដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន គិតចាប់តាំងតែពីពេល ដែលចំនួននេះបានកើនឡើង ដល់ជិត១២០០០មកម្ល៉េះ កាលពីគ្រាដំបូងនៃជម្លោះ។

យោងតាមការ ចេញផ្សាយរបស់ RT បានឲ្យដឹងថា ក្រុមប្រយុទ្ធបរទេស ដែលមានវត្តមាន នៅក្នុងប្រទេសអ៊ុយក្រែន ដែលបានធ្វើដំណើរ មកចូលរួមធ្វើសង្គ្រាម ប្រឆាំងរុស្សី ចាប់តាំងតែពីខែកុម្ភៈឆ្នាំ២០២២ បានកើនឡើងទៅដល់១១៦៧៥នាក់ និងមានប្រភពមកពីប្រទេស ចំនួន៨៤។

ក្នុងនោះគេសង្កេត ឃើញថា ជនជាតិប៉ូឡូញគឺ ជាអ្នកដែលបានចូលរួម ក្នុងសកម្មភាពប្រយុទ្ធនៅអ៊ុយក្រែន ច្រើនជាងគេដល់ទៅ២៦០០នាក់ ខណៈដែលអាមេរិក និងកាណាដាមានប្រមាណជា៩០០នាក់ ដូចគ្នាហើយបន្តបន្ទាប់ដោយហ្សកហ្ស៊ី មាន៨០០នាក់អង់គ្លេស និងរ៉ូមេនី៧០០នាក់ ក្រូអាតមានជាង៣០០ នាក់ បារាំងជាង២០០នាក់ ជាដើម។

ក្រសួងការពារជាតិ បានលំអិតថា ក្នុងចំណោមទាហ៊ានស៊ីឈ្នួលទាំងអស់ ដែលបានចូលរួម ក្នុងប្រតិបត្តិការមកទល់ពេលនេះ ប្រមាណជា៤៨៤៥នាក់ បានបាត់បង់ជីវិត ប្រមាណជា៤៨០១នាក់ គេចខ្លួនចេញទៅវិញនិងនៅសេសសល់បច្ចុប្បន្ន ត្រឹមតែ២២០៩នាក់ប៉ុណ្ណោះ គិតត្រឹមថ្ងៃទី៣០ខែមិថុនា៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top