ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ថា កងទ័ពជើងទឹកអាមេរិក កាងអ្នករត់ពន្ធប្រេង

ប្រភព ៖ AFP

ឧត្តមនាវីឯកអ៊ីរ៉ង់ម្នាក់ បាននិយាយកាលពីថ្ងៃចន្ទថា យន្តហោះអាមេរិកជាច្រើនគ្រឿងបានព្យាយាមរារាំងកងនាវាចរឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ពីការឡើងលើនា វាដឹកប្រេងដែលសង្ស័យថា មានការរត់ពន្ធ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមនាវី Ramazan Zirrahi បានប្រាប់ទីភ្នាក់ងារព័ត៌មាន Tasnim ថា “កាលពីថ្ងៃទី ៦ ខែកក្កដា បុគ្គលិកកងទ័ពជើងទឹក IRGC កំពុងត្រួតពិនិត្យកប៉ាល់មួយឈ្មោះ NADA 2 ដែលជាប់ពាក់ព័ន្ធក្នុងការរត់ពន្ធប្រេង និងឧស្ម័នរបស់អ៊ីរ៉ង់នៅឈូងសមុទ្រពែរ្ស ដែលអាមេរិកបានព្យាយាមទប់ស្កាត់តាមរយៈសកម្មភាពប្រថុយប្រថាន និងគ្មានវិជ្ជាជីវៈ” ។

ឧត្តមនាវី Zirrahi បានបញ្ជាទៅផ្នែកកងទ័ពជើងទឹកទីពីរនៃ IRGC ដែលមានទីស្នាក់ការនៅ Bushehr ។ គាត់បានប្រាប់ Tasnim ថា កងកម្លាំងរបស់លោកបានស្ទាក់ចាប់បានការឆ្លើយឆ្លងតាមវិទ្យុរវាងប្រធានក្រុមកប៉ាល់ និង “មជ្ឈមណ្ឌលបញ្ជា និងបញ្ជារបស់អាមេរិកនៅក្នុងតំបន់”។ កងនាវាចរទី ៥ មានមូលដ្ឋាននៅប្រទេសបារ៉ែន។

អាមេរិកត្រូវបានចោទប្រកាន់ថាបានប្រាប់ប្រធានក្រុមឱ្យពន្លត់ម៉ាស៊ីនរបស់កប៉ាល់ ហើយរង់ចាំការជួយសង្គ្រោះ។ Zirrahi បានអះអាងថា កងនាវាទី ៥ បន្ទាប់មកបានបញ្ជូនយន្តហោះវាយប្រហារលើដី A-10 ចំនួនពីរគ្រឿង, យន្តហោះចារកម្ម P-8A Poseidon ឧទ្ធម្ភាគចក្រ Black Hawk ចំនួនពីរគ្រឿង យន្តហោះគ្មានមនុស្សបើក MQ-9 និង “នាវាល្បាត” ទៅកាន់ទីតាំង ប៉ុន្តែទីបំផុតបានបរាជ័យក្នុងការទប់ស្កាត់ការរឹបអូសកប៉ាល់។

កាលពីថ្ងៃសុក្រ ទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍ថា នាវាដឹកប្រេងដែលមានទង់ជាតិ Emirati ត្រូវបាននាំយកចូលទៅក្នុងកំពង់ផែ Bushehr ជាមួយនឹងសមាជិកនាវិកចំនួន ១២ នាក់មកពីប្រទេសចំនួន៤ផ្សេងៗគ្នា ។ អាជ្ញាធរអ៊ីរ៉ង់បាននិយាយថា ពួកគេបានរឹបអូសប្រេង ឥន្ធនៈជាងមួយលានលីត្រ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top