ព័ត៌មានអន្តរជាតិ

ឡាវ កំពុងត្រៀមខ្លួន​ សម្រាប់ផលប៉ះពាល់ដោយព្យុះទីហ្វុង តាលីម

រូបភាពពី៖​ XINHUA

វៀងច័ន្ទ៖ ប្រជាជនឡាវ ត្រូវបានជំរុញឱ្យត្រៀមខ្លួនសម្រាប់ផលប៉ះពាល់ ដែលអាចកើតមាន នៃព្យុះទីហ្វុងតាលីម ដែលនឹងឆ្លងកាត់ប្រទេសឡាវរហូតដល់ថ្ងៃអង្គារនេះ ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងនៅក្នុងខេត្តភាគកណ្តាល និងភាគខាងត្បូង នៃប្រទេសឡាវ។

នាយកដ្ឋានឧតុនិយម និងជលសាស្ត្រ ស្ថិតក្រោមក្រសួងធនធានធម្មជាតិ និងបរិស្ថានឡាវ នៅថ្ងៃចន្ទនេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយណែនាំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នជាចាំបាច់ ដើម្បីការពារផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេ។

ព្យុះទីហ្វុងតាលីម កំពុងខិតចូលមកក្នុងខេត្តកោះហៃណាន ភាគខាងត្បូងប្រទេសចិន ក្នុងល្បឿន ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រូវបានគេព្យាករណ៍ថា នឹងបន្តដំណើរឆ្ពោះទៅទិសខាងលិច ហើយបានបោកបក់នៅភាគខាងជើងប្រទេសវៀតណាម នៅថ្ងៃអង្គារនេះ។

ខណៈដែលព្យុះទីហ្វុង បានឆ្លងកាត់ប្រទេសឡាវ តំបន់ភាគកណ្តាល និងភាគខាងត្បូង រួមមានខេត្តបូលីខេមសៃ ខេមរឿន សាវនណាខេត ចំប៉ាសាក់ សារ៉ាវ៉ាន់ សេកុង និងអាតតាព អាចនឹងមានខ្យល់មូសុងខ្លាំង ព្រមទាំងមានផ្គរ រន្ទះ និងភ្លៀងធ្លាក់ខ្លាំងផងដែរ។

ការិយាល័យអាកាសធាតុនៃប្រទេសឡាវ បានព្រមានប្រជាជនទូទាំងប្រទេសឱ្យបន្តធ្វើបច្ចុប្បន្នភាពជាមួយនឹងការណែនាំអំពីអាកាសធាតុចុងក្រោយបង្អស់ និងចាត់វិធានការចាំបាច់ដើម្បីធានាសុវត្ថិភាព និងការពារទ្រព្យសម្បត្តិរបស់ពួកគេ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top