ព័ត៌មានអន្តរជាតិ

ឡាវប្រកាសហើយ! ហាមដាច់ខាត នាំចូលសាច់ជ្រូកពីវៀតណាម និងថៃ ក្រោយផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកខ្លាំង

ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវ បានប្រកាសផ្អាក ការនាំចូលសាច់ជ្រូកពីប្រទេសថៃ និងវៀតណាម ក្នុងពេលមានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅក្នុងប្រទេសទាំងពីរ ។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Xinhua។

យោងតាមរបាយការណ៍ចេញផ្សាយ របស់គេហទំព័ររបស់ក្រសួងកសិកម្មបានឱ្យដឹងថា នាយកដ្ឋានបសុសត្វ និងនេសាទបានហាម ឃាត់ការនាំចូលសាច់ជ្រូក រួមទាំងជ្រូករស់ និង ផលិតផលកែច្នៃពីប្រទេសថៃ និងវៀតណាមទៅកាន់ប្រទេសឡាវ។

នាយកដ្ឋាននឹងរឹតបន្តឹង និងត្រួតពិនិត្យការនាំចូលខុសច្បាប់ តាមច្រកអន្តរជាតិ ច្រកព្រំដែនក្នុងស្រុក និងច្រកព្រំដែនគយ។ បន្ថែមលើនេះ សាច់ជ្រូកដែលត្រូវបានគេរត់ពន្ធ ឬនាំចូលខុសច្បាប់ ចូលប្រទេសឡាវ ត្រូវតែបំផ្លាញចោល ទាំងអស់។ អ្នកដែលបំពាននឹងបទប្បញ្ញត្តិ ត្រូវប្រឈមមុខនឹងការព្រមាន ឬត្រូវកាត់ទោសតាមច្បាប់ ។

ជាមួយគ្នានេះ រដ្ឋាភិបាលឡាវ បានណែនាំដល់កសិករឡាវ ឱ្យតាមដានសត្វឈឺ និងសម្លាប់សត្វទាំងនោះ ប្រសិនបើរកឃើញថាមានផ្ទុកមេរោគនេះ ដើម្បីការពារការរីករាលដាលនៃជំងឺ ។ ជំងឺប៉េស្តជ្រូកអាហ្វ្រិក ASF មិនអាចឆ្លងពីសត្វទៅមនុស្សបានទេ ប៉ុន្តែមនុស្សអាចចម្លងជំងឺនេះបាន៕

Most Popular

To Top