វ៉ាស៊ីនតោន៖ បេសកជនអាមេរិកមួយរូប បានឲ្យដឹងថា មានសញ្ញាបង្ហាញថា រុស្ស៊ីអាចចាប់អារម្មណ៍ក្នុងការវិលត្រឡប់ទៅការចរចាលើកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកស្រី Linda Thomas-Greenfield តំណាងសហរដ្ឋអាមេរិក ប្រចាំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីតួនាទីប្រធានាធិបតីសហរដ្ឋអាមេរិកថា “យើងបានឃើញការចង្អុលបង្ហាញថា ពួកគេប្រហែលជាចាប់អារម្មណ៍ក្នុងការត្រលប់ទៅការពិភាក្សា។
រុស្ស៊ី និងអ៊ុយក្រែន បានចុះហត្ថលេខាដាច់ដោយឡែក ជាមួយតួកគី និងអង្គការសហប្រជាជាតិ អំពីគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ នៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងខែកក្កដាឆ្នាំ២០២២ ដែលបានអនុញ្ញាតឱ្យអ៊ុយក្រែន នាំចេញគ្រាប់ធញ្ញជាតិ និងផលិតផលកសិកម្មផ្សេងទៀតពីកំពង់ផែសមុទ្រខ្មៅរបស់ខ្លួន។
ទីក្រុងមូស្គូ បានផ្អាកការចូលរួមរបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដោយថា ខ្លួននឹងត្រលប់ទៅកិច្ចព្រមព្រៀងវិញភ្លាមៗ នៅពេលដែលផ្នែកនៃកិច្ចព្រមព្រៀងរបស់រុស្ស៊ីត្រូវបានបំពេញ។
លោកស្រី Thomas-Greenfield បានលើកឡើងថា សហរដ្ឋអាមេរិក ត្រូវបានគេប្រាប់ថា រុស្ស៊ី បានត្រៀមលក្ខណៈ ដើម្បីត្រឡប់ទៅការពិភាក្សា ដោយបន្ថែមថា “យើងមិនទាន់ឃើញភស្តុតាងណាមួយនៃរឿងនោះនៅឡើយទេ” ។
លោកស្រីបានកត់សម្គាល់ថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់លោក ដើម្បីស្វែងរកផ្លូវឆ្ពោះទៅមុខ ប្រយោជន៍ឈានដល់ការនាំយកប្រទេសរុស្ស៊ី ចូលទៅក្នុងកិច្ចព្រមព្រៀងវិញ៕ ប្រែសម្រួល ឈូក បូរ៉ា