ព័ត៌មានអន្តរជាតិ

អ្នកជំនាញព្រមានថា ការរីកសាយភាយនុយក្លេអ៊ែរ អាច នឹង ឈានដល់កម្រិតមិនអាចគ្រប់គ្រងបាន

រូបភាពពី៖​ XINHUA

តូក្យូ៖ នាយកវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកហូម លោក Dan Smith បានព្រមានថា ប្រជាជាតិដូចជាសហរដ្ឋអាមេរិក ចិន និងរុស្ស៊ី កំពុងស្ថិតក្នុងគែមនៃ “វង់ប្រណាំងអាវុធនុយក្លេអ៊ែរ ដែលមិនអាចគ្រប់គ្រងបាន” ដែលស្រដៀងទៅនឹងសង្រ្គាមត្រជាក់ប្រឆាំងនឹងផ្ទៃខាងក្រោយនៃជម្លោះ​នៅអ៊ុយក្រែន និងតៃវ៉ាន់។

ថ្លែងទៅកាន់កាសែតក្យូដូជប៉ុន បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់មេដឹកនាំទាំង៧ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និងការចាប់ផ្តើមនៃ “ទស្សនៈវិស័យហ៊ីរ៉ូស៊ីម៉ា” ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ លោកបានកត់សម្គាល់ថា ការធានាសន្តិសុខដោយផ្អែកលើការទប់ស្កាត់នុយក្លេអ៊ែរ កំពុងធ្វើឱ្យអស្ថិរភាពដល់សណ្តាប់ធ្នាប់អន្តរជាតិ ហើយផ្ទុយទៅវិញការសន្ទនាប្រកបដោយស្ថាបនារវាង មហាអំណាចនុយក្លេអ៊ែរ ដូចជាសហរដ្ឋអាមេរិក និងចិន គឺអាចធ្វើទៅបាន។

លោក Smith ដែលបានដឹកនាំកិច្ចប្រជុំ SIPRI តាំងពីឆ្នាំ២០១៥ ហើយមានកំណត់ត្រាស្រាវជ្រាវ និងបោះពុម្ពផ្សាយយ៉ាងទូលំទូលាយ អំពីបញ្ហាសន្តិភាព និងជម្លោះជាច្រើន ក៏បានបញ្ជាក់ផងដែរថា ប្រទេសអភិវឌ្ឍន៍គួរពិនិត្យមើលឡើងវិញយ៉ាងម៉ត់ចត់ នូវទំនាក់ទំនងរបស់ពួកគេជាមួយ Global South ដែលជាប្រទេសកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍ភាគច្រើននៅអឌ្ឍគោលខាងត្បូង​ ដើម្បីសម្រេចបាន នូវស្ថិរភាពពិភពលោកកាន់តែប្រសើរឡើង។

ដោយសំដៅទៅលើស្ថានភាពនៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់ចិន ដែលពង្រីកនោះ លោកបានប៉ាន់ប្រមាណថា ចិន នឹងសាងសង់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនក្នុងអត្រា ៦០ អាវុធថ្មីក្នុងមួយឆ្នាំ ដែលផលវិបាកនឹងអាស្រ័យលើការឆ្លើយតបពីសហរដ្ឋអាមេរិក និងរុស្ស៊ី។

លោក អះអាងថា ប្រសិនបើសហរដ្ឋអាមេរិក ឬរុស្ស៊ី សម្រេចចិត្តកាត់បន្ថយការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះការរំសាយអាវុធនុយក្លេអ៊ែរ ឬសូម្បីតែបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនរបស់ពួកគេ លំដាប់អន្តរជាតិអាចចូលទៅក្នុង “វង់សកម្មភាព/ប្រតិកម្ម” ដែលឃ្លាំងអាវុធនៃមហាអំណាចនុយក្លេអ៊ែររបស់ពិភពលោកអាចកើនឡើងតែប៉ុណ្ណោះ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top