ព័ត៌មានអន្តរជាតិ

អឺរ៉ុប មិនអាចផ្តល់ការធានាសន្តិសុខដល់ អ៊ុយក្រែន បាននោះទេ ដោយសារខ្លួន មិនមែនជាអង្គការសន្តិសុខ

រូបភាពពី៖​ AFP

បរទេស៖ អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប លោក Peter Stano បានឲ្យដឹងថា សហភាពអឺរ៉ុប មិនមែនជាអង្គការសន្តិសុខនោះទេ ហើយដូច្នេះមិនអាចផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែន បានឡើយ។

លោក Stano បានឲ្យដឹង​នៅ​ក្នុង​សន្និសីទ​ខ្លី​មួយ​ថា​ “​សហភាព​អឺរ៉ុប ​កំពុង​គាំទ្រ​អ៊ុយក្រែន ​ក្នុង​វិស័យ​មួយ​ចំនួន ប៉ុន្តែ​បញ្ហា​ធានា​សន្តិសុខ​មិន​មែន​ជា​បញ្ហា​មួយ ​សម្រាប់​សហភាព​អឺរ៉ុប​នោះ​ទេ។

លោកបានលើកឡើងថា “យើងមិនមែនជាអង្គការសន្តិសុខ នោះហើយជាមូលហេតុ ដែលការពិភាក្សាអំពីការធានាសន្តិសុខ គឺជាការពិភាក្សា សម្រាប់អង្គការណាតូ និងសម្រាប់ប្រទេសនីមួយៗ ប៉ុន្តែមិនមែនសម្រាប់សហភាពអឺរ៉ុប ជាអង្គការមួយនោះទេ”។

កាលពីថ្ងៃទី១២ខែកក្កដា ប្រទេសសមាជិក G7 បានបង្ហាញសេចក្តីប្រកាសរួមនៃការគាំទ្រ សម្រាប់អ៊ុយក្រែន ដែលផ្តល់ សម្រាប់ការបែងចែកឧបករណ៍យោធាបន្ថែម ការពង្រីកការចែករំលែកព័ត៌មានសម្ងាត់ និងកម្មវិធីបណ្តុះបណ្តាលថ្មី សម្រាប់យោធាអ៊ុយក្រែន ក៏ដូចជាការអភិវឌ្ឍន៍សមត្ថភាពឧស្សាហកម្ម។

កាលពីសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ប្រទេសចំនួន ១២ បន្ថែមទៀតបានចូលរួមនៅក្នុងសេចក្តីប្រកាសរួមរបស់ G7 ។ លើសពីនេះ ក្រុងគៀវ គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួនជាមួយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top