ហ្សាកាតា ៖ កិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤៣ បានបិទបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងលទ្ធផលជាបន្តបន្ទាប់ បើទោះបីជាមានការកើនឡើង នៃភាពមិនច្បាស់លាស់ នៅទូទាំងពិភពលោកក៏ដោយ។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានប្រាប់សន្និសីទ សារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំកំពូលថា “ការធ្វើជាប្រធានរបស់ឥណ្ឌូនេស៊ី សម្រេចបានច្រើនក្នុងលក្ខខណ្ឌ នៃកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់” ។
លោក វីដូដូ បានឲ្យដឹងថាពិភពលោកនេះត្រូវការផ្ទះសុវត្ថិភាព ហើយអាស៊ាន កំពុងស្ថិតនៅលើផ្លូវដើម្បីអាចបំពេញតួនាទីទាំងនោះបាន។ កិច្ចប្រជុំកំពូលនៅឆ្នាំនេះ ក្រោមការដឹកនាំរបស់ប្រទេសឥណ្ឌូនេស៊ី មានប្រធានបទ “បញ្ហាអាស៊ាន៖ ចំណុចកណ្តាលនៃកំណើន”។
លោកប្រធានាធិបតីបានលើកឡើងថា ឯកសារជាច្រើន ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំនេះ រួមទាំងសេចក្តីថ្លែងការណ៍ របស់មេដឹកនាំកិច្ចប្រជុំកំពូល អាស៊ីបូព៌ា (EAS) ស្តីពីចំណុចកណ្តាលនៃកំណើន និងកិច្ចព្រមព្រៀង ស្តីពីការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី រថយន្តអគ្គិសនី (EV) ។
បណ្តាប្រទេសដែលចូលរួមនៃ EAS បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការរក្សា និងលើកកម្ពស់តំបន់ជាចំណុចកណ្តាលនៃកំណើន ដោយការកសាងភាពធន់នឹងបញ្ហាប្រឈមដែលកំពុងកើតឡើង និងការតក់ស្លុតនាពេលខាងមុខ តាមរយៈកិច្ចសហប្រតិបត្តិការ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ សមាជិកអាស៊ាន បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងអាស៊ាន បន្ថែមទៀតក្នុងនាមជាអង្គការដែលរឹងមាំ រហ័សរហួន ដោយពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័ន។
លោក វីដូដូ បានឲ្យដឹងនៅពេលថ្លែងសុន្ទរកថាក្នុងពិធីបិទកិច្ចប្រជុំកំពូលថា “យើងត្រូវតែចាប់ដៃគ្នារុករកបញ្ហាប្រឈម ដើម្បីជាឱកាស រុករកគូប្រជែង ដើម្បីជាការសហការ រុករកភាពផ្តាច់មុខ ដើម្បីឱ្យមានរួមបញ្ចូល និងរុករកភាពខុសគ្នា ដើម្បីឱ្យមានការឯកភាព”៕
ប្រែសម្រួល ឈូក បូរ៉ា