សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្រុងព្យុងយ៉ាង បានផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលលោក ពូទីន និងលោក គីម ជុងអ៊ុន បានអបអរសាទរ “កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសរបស់យើង” នៅក្នុងអំឡុងពេលកិច្ចប្រជុំនៅក្នុងប្រទេសរុស្ស៊ី ។
គេបានដឹងថា លោក គីម កំពុងបំពេញទស្សនកិច្ចទៅកាន់ភាគខាងកើតដែលជាតំបន់នៅឆ្ងាយរបស់រុស្ស៊ី ខណៈដែលលោក ពូទីន ស្វែងរកការពង្រឹងសម្ព័ន្ធភាពជាមួយមេដឹកនាំផ្សេងទៀតដែលត្រូវបានរារាំងដោយប្រទេសលោកខាងលិច ។
លោក ពូទីន បានថ្លែងថា មេដឹកនាំកូរ៉េខាងជើង ក៏ត្រូវត្រួតពិនិត្យការបង្ហាញនាវាចម្បាំងរុស្ស៊ី នៅក្នុងអំឡុងពេលទស្សនកិច្ចរបស់គាត់ផងដែរ ដើម្បី “បង្ហាញពីសមត្ថភាពនៃកងនាវាចរនៅប៉ាស៊ីហ្វិក” ។
សម្ព័ន្ធមិត្តលោកខាងលិចបានលើកឡើងពីការព្រួយបារម្ភអំពីកិច្ចព្រមព្រៀងអាវុធដែលអាចកើតមានរវាងរុស្ស៊ី និងកូរ៉េខាងជើង ខណៈដែលសង្គ្រាមរបស់ក្រុងម៉ូស្គូក្នុងប្រទេសអ៊ុយក្រែនកំពុងបន្តកើតមានឡើង ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ ហៅកាត់ថា KCNA បានផ្សាយថា ក្រោយពីមានជំនួបរវាងមេដឹកនាំប្រទេសទាំង២កាលពីថ្ងៃពុធ “លោក គីម ជុងអ៊ុន បានអញ្ជើញលោក ពូទីន ឱ្យទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង នៅពេលដ៏ងាយស្រួលណាមួយ” ។
លោក ពូទីន បានទទួលយកការអញ្ជើញដោយក្តីរីករាយ ហើយបានបញ្ជាក់ជាថ្មីនូវឆន្ទៈរបស់គាត់ក្នុងការបន្តទៅមុខជានិច្ចនូវប្រវត្តិសាស្ត្រ និងប្រពៃណី នៃមិត្តភាពរវាងប្រទេសរុស្ស៊ី និងកូរ៉េខាងជើង ។
កាលពីថ្ងៃអង្គារ លោក គីម បានប្រាប់ដល់លោក ពូទីន យ៉ាងដូច្នេះថា លោកប្រាកដថា រុស្ស៊ី នឹងឈ្នះ “ជ័យជម្នះដ៏អស្ចារ្យ”លើសត្រូវរបស់ខ្លួន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា