លោក Elon Musk បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលនឹងរថយន្តអគ្គិសនី Cybertruck របស់ខ្លួនទៀតហើយ ដោយលោកបានបើករថយន្តនេះដឹកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ផ្ទាល់តែម្តង ទាំងដែលរថយន្តនេះ មិនទាន់ដាក់លក់លើទីផ្សារនៅឡើយ។
សូមជម្រាបថា លោក Benjamin Netanyahu បានធ្វើទស្សនកិច្ចនៅរោងចក្ររបស់ក្រុមហ៊ុន Tesla ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីពិនិត្យមើលដំណើរការផលិតកម្ម និងដំឡើងរថយន្តអគ្គិសនី។ បន្តិចក្រោយមក លោក Elon Musk បានអញ្ជើញមេដឹកនាំអ៊ីស្រាអែល ឡើងជិះរថយន្ត Cybertruck ដោយលោកជាអ្នកបើកផ្ទាល់ជិះមួយជុំយ៉ាងលឿន។
ក្រោយជិះសាកល្បងរថយន្ត Cyber Truck លោក Benjamin Netanyahu ហាក់បង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរថយន្តអគ្គិសនីនេះ ដោយបាននិយាយជាមួយលោក Elon Musk ជាច្រើននាទី។
សូមទស្សនាវីដេអូខាងក្រោមនេះ
គួររំលឹកថា ក្រុមហ៊ុន Tesla បានដាក់បង្ហាញរថយន្តអគ្គិសនី Cybertruck ជាលើកដំបូង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ នៅរោងចក្ររបស់ខ្លួនក្នុងរដ្ឋ Texas បន្ទាប់ពីពន្យារពេល ២ឆ្នាំមក។
តាមព័ត៌មានមួយចំនួនឱ្យដឹងថា រថយន្ត Cybertuck នឹងមានជម្រើស option ចំនួន៤។ ក្នុងនោះ៖
១. ប្រើម៉ូទ័រអគ្គិសនី១ និងអាចធ្វើដំណើរបានដល់ចម្ងាយ ៤០០គីឡូម៉ែត្រពេលសាកពេញ។
២. ប្រើម៉ូទ័រអគ្គិសនី២ និងអាចធ្វើដំណើរបានដល់ចម្ងាយ ៤៨០គីឡូម៉ែត្រ ពេលសាកពេញ។
៣. ប្រើម៉ូទ័រ៣អគ្គិសនី៣ និងអាចធ្វើដំណើរបានដល់ចម្ងាយ ៨០០គីឡូម៉ែត្រ ពេលសាកពេញ។
៤. ប្រើម៉ូទ័រអគ្គិសនី៤ និងអាចធ្វើដំណើរបានដល់ចម្ងាយ ១០០០គីឡូម៉ែត្រ ពេលសាកពេញ៕
ប្រភព៖sabay