ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ថា ក្រសួងការពារជាតិរបស់ប្រទេស រុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃចន្ទថា កងនាវាចរប្រចាំនៅមហាសមុទ្រប៉ាស៊ីហ្វិករបស់រុស្ស៊ី កំពុងធ្វើសមយុទ្ធយោធាយុទ្ធសាស្ត្រសំដៅការពារផ្លូវសមុទ្រស្ថិតនៅភាគខាងជើង ។
ក្រសួងការពារជាតិបានឱ្យដឹងថា សមយុទ្ធ ដែលមានឈ្មោះថា “Finval-2023” កំពុងធ្វើឡើងនៅក្នុងដែនទឹកនៃសមុទ្រ Chukchi និង Bering Seas ក៏ដូចជានៅលើឧបទ្វីប Chukotka ។
ក្រសួងបានឲ្យដឹងថា បុគ្គលិកយោធាប្រហែល១០.០០០នាក់ និងឧបករណ៍យោធាជាង៥០គ្រឿងត្រូវបានចូលរួមនៅក្នុងសមយុទ្ធនេះ ហើយនៅក្នុងចំណោមនោះ មានយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ និងប្រព័ន្ធមីស៊ីលការពាឆ្នេរផងដែរ ។
នៅក្នុងដំណាក់កាលដំបូងនៃសមយុទ្ធនេះ កងកម្លាំងរុស្ស៊ី បានធ្វើសមយុទ្ធប្រយុទ្ធដែលផ្តោតលើការកម្ចាត់ក្រុមនាវានៅភាគឦសាននៃសមុទ្រ Bering ។ បុគ្គលិកយោធាបានអនុវត្តការវាយប្រហារដោយមីស៊ីលពីនាវាដឹកជញ្ជូនមីស៊ីលនាំផ្លូវ នាវាមុជទឹកនុយក្លេអ៊ែរ និងប្រព័ន្ធមីស៊ីលការពារឆ្នេរ ។
គេបានដឹងថា សមយុទ្ធនេះក៏ពាក់ព័ន្ធនឹងការបាញ់មីស៊ីល និងកាំភ្លើងធំ ក៏ដូចជាសមយុទ្ធប្រឆាំងនាវាមុជទឹក ប្រឆាំងយន្តហោះ និងការការពារប្រឆាំងនឹងការចុះចតផងដែរ ។
ក្រសួងបានឱ្យដឹងថា សមយុទ្ធទាំងអស់ “មានលក្ខណៈការពារធម្មជាតិ” និងមានបំណងកែលម្អ” ការហ្វឹកហ្វឺនកងកម្លាំង និងកងទ័ព” ក្នុងអំឡុងពេលប្រតិបត្តិការនៅតាមព្រំដែនភាគឦសានរបស់ប្រទេសរុស្ស៊ី ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា