វ៉ាស៊ីនតោន ៖ គណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក (FTC) និងអគ្គមេធាវីរដ្ឋចំនួន ១៧រូប កាលពីថ្ងៃអង្គារ បានប្តឹងក្រុមហ៊ុន Amazon.com, Inc. ដោយចោទប្រកាន់ថា ក្រុមហ៊ុនលក់រាយ និងបច្ចេកវិទ្យាអនឡាញ គឺជាអ្នកផ្តាច់មុខ ដែលប្រើសំណុំនៃយុទ្ធសាស្រ្ត ប្រឆាំងការប្រកួតប្រជែង និងអយុត្តិធម៌ ដើម្បីរក្សាអំណាចផ្តាច់មុខ ដោយខុសច្បាប់ ។
FTC និងដៃគូរដ្ឋរបស់ខ្លួនបានឲ្យដឹងថា សកម្មភាពរបស់ Amazon អនុញ្ញាតឱ្យវាបញ្ឈប់គូប្រជែង និងអ្នកលក់ពីការបញ្ចុះតម្លៃ ធ្វើឱ្យខូចគុណភាព សម្រាប់អ្នកទិញទំនិញ អ្នកលក់លើសតម្លៃ រារាំងការច្នៃប្រឌិត និងរារាំងគូប្រជែងមិនឱ្យប្រកួតប្រជែង ដោយស្មើភាពជាមួយ Amazon ។
ពាក្យបណ្តឹងនេះបានចោទប្រកាន់ថា ក្រុមហ៊ុន Amazon បំពានច្បាប់មិនមែនដោយសារតែវាធំនោះទេ ប៉ុន្តែដោយសារតែវាចូលរួមក្នុងវគ្គ នៃការមិនរាប់បញ្ចូល ដែលរារាំងដៃគូប្រកួតប្រជែង បច្ចុប្បន្នពីការរីកលូតលាស់ និងដៃគូប្រកួតប្រជែងថ្មីពីការលេចឡើង។
ដោយរារាំងការប្រកួតប្រជែង លើតម្លៃ ការជ្រើសរើសផលិតផល គុណភាព និងដោយរារាំងគូប្រជែងបច្ចុប្បន្ន ឬអនាគតរបស់ខ្លួនពីការ ទាក់ទាញអ្នកទិញទំនិញ និងអ្នកលក់ដ៏ច្រើននោះ Amazon ធានាថា គ្មានគូប្រជែងបច្ចុប្បន្ន ឬអនាគតអាចគំរាមកំហែង ដល់ភាពលេចធ្លោរបស់វានោះទេ។
ប្រធាន FTC លោកស្រី Lina M. Khan បានឲ្យដឹងថា “ពាក្យបណ្តឹងរបស់យើង បង្ហាញពីរបៀប ដែលក្រុមហ៊ុន Amazon បានប្រើសំណុំ នៃការដាក់ទណ្ឌកម្ម និងការបង្ខិតបង្ខំ ដើម្បីរក្សាភាពផ្តាច់មុខរបស់ខ្លួន ដោយខុសច្បាប់” ។
លោកស្រីបន្ដថា “យើងកំពុងនាំយកករណីនេះ ដោយសារតែការប្រព្រឹត្តខុសច្បាប់ របស់ក្រុមហ៊ុន Amazon បានរារាំងការប្រកួតប្រជែង នៅទូទាំងផ្នែកដ៏ធំនៃសេដ្ឋកិច្ចអនឡាញ។ Amazon គឺជាអ្នកផ្តាច់មុខ ដែលប្រើអំណាចរបស់ខ្លួន ដើម្បីដំឡើងតម្លៃលើអ្នកទិញទំនិញអាមេរិក និងគិតថ្លៃខ្ពស់កប់ពពកលើអ្នកលក់ អនឡាញរាប់រយពាន់នាក់ ។
លោក John Newman នាយករង នៃការិយាល័យប្រកួតប្រជែងរបស់ FTC បានលើកឡើងថា “កម្រណាស់នៅក្នុងប្រវត្តិសាស្រ្ត នៃច្បាប់ប្រឆាំងការទុកចិត្ត របស់សហរដ្ឋអាមេរិក មានករណីមួយមានសក្តានុពល ក្នុងការធ្វើល្អជាច្រើនសម្រាប់មនុស្សជាច្រើន”៕
ប្រែសម្រួល ឈូក បូរ៉ា