ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ជូនទាហានម៉ារីន ២.០០០នាក់ ទៅកាន់តំបន់ឈូងសមុទ្រ អ៊ីស្រាអែល

ប្រភព ៖ AFP

បរទេស៖ បើតាមសារព័ត៌មាន CNN បានរាយការណ៍ដោយដកស្រង់ប្រភពពីមន្រ្តីអនាមិកអាមេរិកថា មន្ទីរបញ្ចកោណបានបញ្ជូនទាហានម៉ារីន និងនាវិកចំនួន ២.០០០នាក់ ទៅកាន់ដែនទឹក នៃឆ្នេរសមុទ្រអ៊ីស្រាអែល ដែលជាផ្នែកនៃ “ការបង្ហាញកម្លាំង” នៅក្នុងតំបន់នេះ ។ ការបញ្ជូននេះកើតឡើង ចំពេលមានការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលបានឆក់យកជីវិតមនុស្ស រាប់ពាន់នាក់ក្នុងខែនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ដឹកនាំដោយកងវរសេនាធំបេសកកម្មទី ២៦ នៃកងម៉ារីន “កម្លាំងឆ្លើយតបយ៉ាងរហ័ស” ត្រូវបានឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល នៅលើនាវា USS Bataan ដែលជានាវា វាយប្រហារ ដែលពីមុនបានឈរជើង នៅឈូងសមុទ្រអូម៉ង់។ ពួកគេមិនបានបញ្ជាក់អំពីទិសដៅពិតប្រាកដ របស់អង្គភាពនេះ ឬនិយាយថា តើវានឹងចូលរួមជាមួយក្រុមវាយប្រហារ របស់នាវាដឹកយន្តហោះអាមេរិកពីរ ដែលចតនៅសមុទ្រមេឌីទែរ៉ាណេ ភាគខាងកើតដែរ ឬ យ៉ាងណានោះទេ ។

ការដាក់ពង្រាយកងទ័ពជើងទឹកត្រូវបានគេរាយការណ៍ថា មានគោលបំណង “ផ្ញើសាររារាំងដល់អ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធលីបង់ Hezbollah” ហើយថ្មីៗនេះ នាវាចម្បាំងអាមេរិកមួយចំនួន បានល្បាតដែនទឹកក្បែរ សាធារណរដ្ឋអ៊ីស្លាម។

ដោយឡែក កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lloyd Austin បានបញ្ជាឱ្យទាហាន ២.០០០នាក់ផ្សេងទៀត ត្រៀមលក្ខណៈសម្រាប់ បេសកកម្ម “ជំនួយផ្នែកវេជ្ជសាស្ត្រ និងភស្តុភារ” ដ៏មានសក្តានុពលក្នុងប្រទេសអ៊ីស្រាអែល នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាច្រើន៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top