ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីចិន លី កេឈាំង ទទួលមរណភាព ដោយសារគាំងបេះដូង

ប្រភព ៖ Xinhua

ប៉េកាំង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា នាយករដ្ឋមន្ត្រីចិនលោក លី កេឈាំង បានទទួលមរណភាពដោយសារគាំងបេះដូងក្នុងអាយុ ៦៨ ឆ្នាំនៅទីក្រុងសៀងហៃ នៅព្រឹកថ្ងៃសុក្រនេះ។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹង​ថា លោក លី បានទទួល​មរណភាព​ហើយ បន្ទាប់ពី​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​វេជ្ជសាស្ត្រ​ដើម្បី​សង្គ្រោះលោក​បាន​បរាជ័យ​ដោយសារ​គាំងបេះដូង​ភ្លាមៗ​ ។ លោកបានចូលនិវត្តន៍ ជានាយករដ្ឋមន្ត្រីកាលពីខែមីនា បន្ទាប់ពីបានបម្រើការរយៈពេល ៥ឆ្នាំពីរអាណត្តិ ហើយត្រូវបានជំនួសដោយលោក លី ឈាំង ។

នៅពេលបម្រើការក្រោមប្រធានាធិបតី លោក ស៊ី ជីនពីង ពីឆ្នាំ២០១៣ លោក លី បានមើលការខុសត្រូវ លើសេដ្ឋកិច្ចធំបំផុតទីពីរ របស់ពិភពលោក ដោយកំណែទម្រង់របស់លោកត្រូវបានគេហៅថា “Likonomics” ប៉ុន្តែតួនាទីរបស់នាយករដ្ឋមន្ត្រីបានធ្លាក់ចុះបន្តិចម្តងៗ នៅពេល ដែលលោក ស៊ី បានប្រមូលផ្តុំអំណាចនៅក្នុងដៃ របស់លោកផ្ទាល់ ។

​​អតីត​ប្រធានាធិបតី Hu Jintao ដែល​លោក​ធ្វើ​ការ​នៅ​សម្ព័ន្ធ​យុវជន ​កុម្មុយនិស្ត​ចិន លោក លី ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​អ្នក​ស្នង​តំណែង​ដ៏​មាន​សក្តានុពល​របស់លោក Hu ប៉ុន្តែ​បាន​ចាញ់​លោក ស៊ី ជីនពីង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

កើតនៅខេត្ត Anhui ក្នុងខែកក្កដា ឆ្នាំ១៩៥៥ លោក លី បានចូលរួមជាមួយបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាចនៅឆ្នាំ១៩៧៦ ។ លោកបានសិក្សាផ្នែកច្បាប់ នៅសាកលវិទ្យាល័យ Peking និងទទួលបានបណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top