ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង កំពុងដំណើរការហិរញ្ញវត្ថុ ដើម្បីអាចលក់កញ្ចប់អាវុធដ៏ធំបំផុតមួយ ដល់ទៅ២២ពាន់លានដុល្លារ

រូបភាពពី៖​ XINHUA

បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតរ៉យទ័របានឲ្យដឹងថារដ្ឋាភិបាលទីក្រុងសេអ៊ូល កំពុងប្រកាសស្វែងរកជំនួយពីធនាគារក្នុងស្រុកចំនួន៥ ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ការទិញអាវុធរបស់ប្រទេសប៉ូឡូញក្នុងទំហំទឹកប្រាក់ដល់ទៅ២២ពាន់លានដុល្លារ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងWarsawបានសម្រេចចិត្តទិញអាវុធដ៏ធំបំផុតមិនធ្លាប់មានរបស់ទីក្រុងសេអ៊ូលកាលពីពេលថ្មីៗនេះ។

ប្រភពដដែលបានបញ្ជាក់ទៀតថា៖ធនាគារក្នុងស្រុកចំនួន៥កំពុងពិនិត្យឡើងវិញនូវប្រាក់កម្ចីដែលរួមបញ្ចូលគ្នាជាវិធានការគាំទ្រក្នុងគោលបំណងជួយដល់ការទិញផ្នែករឹងយោធារបស់Warsawពីទីក្រុងសេអ៊ូល។

កញ្ចប់អាវុធទាំងនោះត្រូវបានគេដឹងថាមានរាប់បញ្ចូលទាំងប្រព័ន្ធកាំភ្លើងធំគ្រាប់រ៉ុក្កែត និងយន្តហោះចម្បាំងផងដែរ។

របាយការណ៍នេះបង្ហាញពីចេតនារបស់ទីក្រុងសេអ៊ូលក្នុងការធ្វើការជុំវិញឧបសគ្គផ្នែកហិរញ្ញប្បទានរបស់ប្រទេសប៉ូឡូញ ដើម្បីធានានូវអ្វីដែលនឹងក្លាយជាកុងត្រាលក់អាវុធដ៏ធំបំផុតមិនធ្លាប់មានរបស់កូរ៉េខាងត្បូង ដែលមានតម្លៃប្រហែល ២២,៧ពាន់លានដុល្លារ។

គួរឲ្យដឹងដែរថាកិច្ចព្រមព្រៀងធ្វើឡើងបន្ទាប់ពីបរាជ័យការចរចារវាងប្រទេសទាំងពីរកាលពីឆ្នាំមុន ដែលក្រុមហ៊ុនផលិតសព្វាវុធកូរ៉េខាងត្បូងបានត្រៀមរៀបចំការផ្គត់ផ្គង់រថក្រោះ និងយន្តហោះចម្បាំងមួយចំនួន៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top