ព័ត៌មានអន្តរជាតិ

កងជីវពលអ៊ីរ៉ាក់ អះអាងពីការវាយប្រហារលើមូលដ្ឋានទ័ព អាមេរិក ក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី

Xinhua

បាកដាដ៖ កងជីវពលស៊ីអ៊ីតអ៊ីរ៉ាក់ ​បានអះអាងទទួលខុសត្រូវ ចំពោះការបើកការវាយប្រហារលើមូលដ្ឋានទ័ពអាកាស ដែលមានមូលដ្ឋានទ័ពអាមេរិកនៅភាគខាងលិចអ៊ីរ៉ាក់ និងមូលដ្ឋានទ័ពអាមេរិក នៅភាគខាងកើតប្រទេសស៊ីរី។

កងជីវពលដែលហៅខ្លួនឯងថា តស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ ដែលជាអង្គភាពឆ័ត្រ សម្រាប់កងជីវពលអ៊ីរ៉ាក់​ គាំទ្រដោយអ៊ីរ៉ង់ បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីនធឺណិតថា យុទ្ធជនរបស់ខ្លួនបានវាយប្រហារប៉មសន្តិសុខក្នុងបរិវេណនៃមូលដ្ឋានទ័ពអាកាស Ayn al-Asad ក្បែរទីក្រុង al -Baghdadi ចម្ងាយប្រហែល ១៩០គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានីបាកដាដ ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា អ្នកវាយប្រហារបានប្រើកាំភ្លើងយន្ត និងគ្រាប់បែកដៃបាញ់រ៉ុក្កែត (RPGs) នៅក្នុងការប៉ះទង្គិចរបស់ពួកគេជាមួយកងកម្លាំងសន្តិសុខ មុនពេលពួកគេដកខ្លួនចេញពីកន្លែងកើតហេតុ។

ប្រភពបានបន្ថែមថាអ្នកវាយប្រហារម្នាក់ក្នុងចំណោមអ្នកវាយប្រហារត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នា ដែលបានកើតឡើងនៅរបងខាងក្រៅនៃមូលដ្ឋានទ័ពអាកាស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រុមប្រដាប់អាវុធបានអះអាងថា ខ្លួនបានបាញ់គ្រាប់រ៉ុក្កែតទៅលើមូលដ្ឋានទ័ពអាមេរិក នៅតំបន់ឧស្ម័ន Koniko ក្នុងប្រទេសស៊ីរី ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។

ទន្ទឹមនឹងនេះដែរ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលជាអ្នកឃ្លាំមើលសង្រ្គាម ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានបញ្ជាក់ថា ការផ្ទុះត្រូវបានគេឮនៅក្នុងតំបន់ហ្គាស ដោយមិនបានរាយការណ៍ពីជនរងគ្រោះណាម្នាក់ឡើយ។

ក្រុមសង្កេតការណ៍បានឲ្យដឹងថា ការវាយប្រហារដោយក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ គឺជាផ្នែកនៃវិធានការសងសឹកជាបន្តបន្ទាប់ ដែលខ្លួនបានធ្វើប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិក ចំពេលមានជម្លោះ ដែលកំពុងបន្តរវាងអ៊ីស្រាអែល និងចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) នៅតំបន់ហ្គាហ្សាស្ទ្រីប៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top