យូអិន៖ សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របានធ្វើការវេតូលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលនឹងជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ទោះបីជាអគ្គលេខាធិការលោក Antonio Guterres បានអំពាវនាវឲ្យក្រុមនេះចាត់វិធានការលើបញ្ហានេះក៏ដោយ។
សហរដ្ឋអាមេរិក ដែលជាសមាជិកអចិន្ត្រៃយ៍ដែលគាំទ្រអ៊ីស្រាអែល ក្នុងជម្លោះប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស បានសម្តែងការប្រឆាំងរបស់ខ្លួនចំពោះចំណាត់ការនេះក្នុងអំឡុងពេលជជែកដេញដោលនៅថ្ងៃនោះ។
តំណាងសហរដ្ឋអាមេរិក លោក Robert Wood បានប្រាប់សម័យប្រជុំថា “យើងមិនគាំទ្រការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ នេះគ្រាន់តែដាំគ្រាប់ពូជ សម្រាប់សង្រ្គាមបន្ទាប់ប៉ុណ្ណោះ ពីព្រោះក្រុមហាម៉ាស មិនមានបំណងចង់ឃើញសន្តិភាពយូរអង្វែង និងឃើញដំណោះស្រាយរដ្ឋពីរនោះទេ”។
សមាជិកក្រុមប្រឹក្សាចំនួន ១៣នាក់ក្នុងចំណោមសមាជិកទាំង ១៥នាក់បានគាំទ្រដំណោះស្រាយនេះ ខណៈដែលអង់គ្លេសបានអនុប្បវាទ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
នៅក្នុងសេចក្តីព្រាងដំណោះស្រាយ ក្រុមប្រឹក្សាសន្តិសុខសំខាន់នៃស្ថាប័នពិភពលោកបានទាមទារ “បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់” និង “ការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ”។
ការបោះឆ្នោតលើដំណោះស្រាយ ដែលដាក់ជូនដោយប្រទេសអារ៉ាប់រួម បានធ្វើឡើងបន្ទាប់ពីលោក Guterres បានអំពាវនាវដល់ក្រុមនេះឱ្យចាត់វិធានការឆ្ពោះទៅរកបទឈប់បាញ់មួយ៕ ប្រែសម្រួល ឈូក បូរ៉ា