ព័ត៌មានអន្តរជាតិ

Update៖ លោក Zelenskyy នឹងជួបប្រជុំ ជាមួយលោក ចូ បៃដិន នៅសេតវិមាន

រូបភាពពី៖​ AFP

វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារ លោក ចូ បៃដិនប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក Volodymyr Zelenskyy មេដឹកនាំអ៊ុយក្រែន នឹងជួបប្រជុំគ្នានៅឯសេតវិមាន ខណៈដែលរដ្ឋបាលសហរដ្ឋអាមេរិក បង្កើនសម្ពាធទៅលើសភា ដើម្បីផ្តល់ជំនួយរាប់ពាន់លានបន្ថែមទៀតដល់ក្រុង គៀវ ដើម្បីប្រើប្រាស់នៅក្នុងការធ្វើសង្គ្រាមជាមួយនឹងរុស្ស៊ី ។

ខាងសេតវិមានបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ដំណើរទស្សនកិច្ចនេះគឺមានគោបំណង “ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តដែលមិនអាចរង្គោះរង្គើរបស់សហរដ្ឋអាមេរិក នៅក្នុងការគាំទ្រដល់ប្រជាជនអ៊ុយក្រែន ខណៈដែលពួកគេការពារខ្លួនប្រឆាំង នឹងការឈ្លានពានដ៏ឃោរឃៅរបស់រុស្ស៊ី” ។ “នៅគ្រាដែលរុស្ស៊ី បង្កើនការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងអ៊ុយក្រែន មេដឹកនាំនឹងពិភាក្សាអំពីតម្រូវការបន្ទាន់របស់អ៊ុយក្រែន និងសារៈសំខាន់ដ៏សំខាន់នៃការបន្តគាំទ្ររបស់សហរដ្ឋអាមេរិកនៅពេលនេះ” ។

ការិយាល័យរបស់លោក Zelenskyy បានបញ្ជាក់ថា គាត់បានទទួលយកការអញ្ជើញរបស់លោក បៃដិន ។ លោកក៏ត្រូវបានស្នើឲ្យលើកឡើងទៅកាន់ការប្រជុំរបស់សមាជិកព្រឹទ្ធសភាទាំងអស់ផងដែរ ។

លោក បៃដិន បានស្នើសុំសភាសម្រាប់កញ្ចប់ថវិកាចំនួន១១០ពាន់លានដុល្លារអាមេរិកសម្រាប់សម័យសង្គ្រាមសម្រាប់អ៊ុយក្រែន ស្មើនឹងប្រមាណ៦១,៤ពាន់លានដុល្លារ ហើយលើកឡើងពីបញ្ហាអ៊ីស្រាអ៊ែល រួមជាមួយនឹងអាទិភាពសន្តិសុខជាតិផ្សេងទៀត ។ ប៉ុន្តែសំណើនេះត្រូវរារាំងក្នុងការជជែកដេញដោលជុំវិញគោលនយោបាយអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក និងសន្តិសុខតាមព្រំដែន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top