ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រី ប៉ាគីស្ថាន ប្រើបញ្ញាសិប្បនិម្មិត “AI” ដើម្បីថ្លែងសុន្ទរកថា ពីពន្ធនាគារ

AFP

ប៉ាគីស្ថាន ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រី ប៉ាគីស្ថាន លោក Imran Khan បច្ចុប្បន្នកំពុង ជាប់ពន្ធនាគារ បានប្រើប្រាស់បញ្ញាសិប្បនិម្មិត“AI” ដើម្បីថ្លែងសុន្ទរកថាទៅកាន់អ្នកគាំទ្ររបស់លោកដែលមានរយៈពេល ៤ នាទីត្រូវបានចាក់ផ្សាយ ក្នុងអំឡុងពេល ‘ការប្រមូលផ្តុំនិម្មិត’ ចូលរួមដោយមនុស្សជាង ៤.៥ លាននាក់នៅទូទាំង Facebook X (អតីត Twitter) និង YouTube ។

អាជ្ញាធរប៉ាគីស្ថាន បានរារាំងការប្រមូលផ្តុំ ដែលរៀបចំដោយគណបក្ស Pakistan Tehreek-e-Insaf (PTI) របស់លោក Khan ចាប់តាំងពីលោក ត្រូវបានចាប់ខ្លួន ក្នុងរយៈពេលខ្លីជាលើកដំបូង កាលខែឧសភា ។ អតីតនាយករដ្ឋមន្ត្រី ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំកាលពីខែសីហា ពីបទ លក់អំណោយរដ្ឋ ដោយខុសច្បាប់ ។ បុរសវ័យ៧១ឆ្នាំរូបនេះ ប្រឈមនឹងការចោទប្រកាន់ផ្សេងទៀត ដែលទាំងអស់នេះ លោកអះអាងថា មានហេតុផលនយោបាយ ។

យោងតាមអ្នកតំណាងរបស់ PTI ថា កីឡាករឆ្នើម Cricket បានក្លាយអ្នកនយោបាយ បានសរសេរស្គ្រីបសម្រាប់សុន្ទរកថា ហើយបានបញ្ជូនវាទៅអ្នកគាំទ្រ របស់លោកតាមរយៈមេធាវី។ បន្ទាប់មកវាត្រូវបានគេដាក់ឈ្មោះថា ដោយមានជំនួយពីឧបករណ៍ ដែលបង្កើតឡើងដោយក្រុមហ៊ុន AI ElevenLabs អាចបង្កើតការក្លូនសំឡេង របស់មនុស្សដោយផ្អែកលើគំរូនៃការនិយាយ ។

ក្នុងសាររបស់លោក Khan បានចោទរដ្ឋាភិបាលប៉ាគីស្ថានថា បានចាប់ពង្រត់ និងយាយីសកម្មជនមកពីគណបក្សរបស់លោក។ លោកក៏បានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តរបស់លោក សម្រាប់សេរីភាពពិតប្រាកដគឺខ្លាំង ដោយអរគុណដល់ក្រុមប្រព័ន្ធផ្សព្វផ្សាយសង្គម PTI សម្រាប់ការការប្តេជ្ញាចិត្ត ជាប្រវត្តិសាស្ត្រនេះ ដើម្បីចៀសវាងការរឹតបន្តឹងរបស់រដ្ឋាភិបាល ។

ទន្ទឹមនឹងនេះដែរ អង្គការឃ្លាំមើល NetBlocks បានរាយការណ៍ថា ខ្លួនបានរកឃើញការរំខាននៅ ប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងប្រទេសប៉ាគីស្ថាន ដោយចាប់ផ្តើមពីល្ងាចថ្ងៃអាទិត្យ។ ក្រុមនេះបានចោទប្រកាន់ថា នេះប្រហែលមកពីចេតនាការចាប់ពិរុទ្ធអ៊ីនធើណេត ៕
ដោយ៖លី ភីលីព

Most Popular

To Top