រុស្ស៊ី៖ មហាសេដ្ឋីរុស្ស៊ី Roman Abramovich បានទាមទារ ឲ្យធនាគារ អ៊ីស្រាអែល Mizrahi Tefahot ដោះសោគណនី របស់លោក និងអនុញ្ញាត ឲ្យលោកបរិច្ចាគទឹក ប្រាក់ប្រហែល ២.២ លានដុល្លារដល់ ZAKA ដែលជាអង្គការក្រៅរដ្ឋាភិបាល (NGO) មានមូលដ្ឋាន នៅទីក្រុងយេរូសាឡឹម យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។
ZAKA ជាប្រតិបត្តិការក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងអ្នកជំនាញការជួយសង្គ្រោះ ដែលបានទទួលការបណ្តុះបណ្តាល ពិសេសនោះ ជាចំណុចកណ្តាលនៃកិច្ចខិតខំប្រឹង ប្រែងដើម្បីជួយសង្គ្រោះសាកសព របស់ជនជាតិអ៊ីស្រាអែលរាប់រយនាក់ រួមទាំងពីតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារ របស់ក្រុមហាម៉ាស កាលពីថ្ងៃទី ៧ខែតុលាបានបណ្តាល ឲ្យមានការស្លាប់របស់ ១,២០០ ជនជាតិអ៊ីស្រាអែល ។
លោក Roman Abramovich ទទួលបានសញ្ជាតិអ៊ីស្រាអែល កាលឆ្នាំ ២០១៨ និង ZAKA បានដាក់ពាក្យប្តឹងធនាគារ ដោយចោទប្រកាន់ថា ខ្លួនបានបដិសេធ ដោយខុសច្បាប់ នូវសំណើ របស់លោក Abramovich ក្នុងការផ្ទេរមូលនិធិមាន បំណងគាំទ្រសកម្មភាព របស់អង្គការក្រៅរដ្ឋាភិបាល ចំពេលមានជម្លោះដែលកំពុងបន្ត ។
បើយោងតាមទស្សនាវដ្តី Forbes ថា ធនាគារបានបដិសេធ ការផ្ទេរនេះមុននេះ ដោយលើកឡើងពីការដាក់ទណ្ឌកម្ម លើមហាសេដ្ឋីដោយសហភាពអឺរ៉ុប និងរដ្ឋាភិបាលអង់គ្លេស ។ ធនាគារបានអះអាងថា ដោយសារតែការដាក់ ទណ្ឌកម្មទាំងនេះ គណនីធនាគាររបស់លោក Abramovich ដែលទ្រព្យសម្បត្តិសុទ្ធ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនជាង ៩ ពាន់លានដុល្លារ ត្រូវបានបិទ ហើយមិនមានប្រតិបត្តិការណាមួយ អាចត្រូវបានអនុវត្តនោះទេ ។
សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មបុគ្គល និងអង្គភាព រុស្ស៊ីរាប់រយនាក់ រួមទាំងអ្នកជំនួញចាប់តាំងពី ការចាប់ផ្តើមនៃជម្លោះនៅអ៊ុយក្រែនកាលខែកុម្ភៈ ឆ្នាំ ២០២២ រួមទាំងអតីតម្ចាស់ក្លឹប Chelsea FC ផងដែរ។ កាលខែធ្នូឆ្នាំនេះ តុលាការសហភាពអឺរ៉ុបបានតម្កល់ទណ្ឌកម្មប្រឆាំងនឹងមហាសេដ្ឋី បន្ទាប់ពីលោក Abramovich បានយកសំណុំរឿងប្រឆាំងនឹង សហភាពអឺរ៉ុបកាលពីខែឧសភា ឆ្នាំ ២០២២ ដោយស្វែងរកការលុបចោល ការដាក់បញ្ចូលរបស់លោកនៅ ក្នុងបញ្ជីទណ្ឌកម្ម ៕
ដោយ៖លី ភីលីព