រុស្ស៊ី ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា អវកាសយានិករុស្ស៊ី នៅលើស្ថានីយ៍អវកាសអន្តរជាតិ (ISS) បានផ្ញើសារស្វាគមន៍ឆ្នាំថ្មី យ៉ាងកក់ក្តៅដល់ជនរួមជាតិ របស់ពួកគេ ដោយបង្ហាញពីការគាំទ្រ និងមនោសញ្ចេតនាដ៏ស្មោះស្ម័គ្រ ។
លោក Oleg Kononenko លោក Nikolai Chub និងលោក Konstantin Borisov ជាអវកាសយានិករុស្ស៊ីបច្ចុប្បន្នឈរជើងនៅលើ ISS បានបន្តការស្វាគមន៍ឆ្នាំថ្មីរបស់ពួកគេទៅកាន់ប្រជាជនរុស្ស៊ីដោយសូមជូនពរឲ្យពួកគេមានសុខភាពល្អ ភាពជោគជ័យ ការគាំទ្រ និងភាពកក់ក្តៅ ក៏ដូចជាត្រូវបានហ៊ុំព័ទ្ធដោយក្តីស្រឡាញ់។
លោក Kononenko បាននិយាយក្នុងវីដេអូ ចេញផ្សាយដោយ Roscosmos ថា ស្ថានីយ៍អវកាសអន្តរជាតិ យើងសូមអបអរសាទរ យ៉ាងស្មោះស្ម័គ្រក្នុង ឱកាសចូលឆ្នាំថ្មីខាងមុខនេះ។ វាជាថ្ងៃឈប់សម្រាកដ៏កក់ក្តៅបំផុត និងស្និទស្នាលបំផុតនៃឆ្នាំ ដែលបង្រួបបង្រួមគ្រប់ជំនាន់នៃប្រទេសដ៏ធំរបស់យើង។ នៅថ្ងៃនេះ យើងសូមជូនពរឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អ ជោគជ័យ និង ភាពរុងរឿង។
លោក Chub បានបន្ថែមថា ក្នុងរដូវវិស្សមកាលខាងមុខនេះ មនុស្សគ្រប់រូបអាចចែករម្លែកភាពកក់ក្តៅរបស់ពួកគេជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ជួយអ្នកដែលត្រូវការជំនួយ និងសូម្បីតែផ្តល់ អព្ភូតហេតុ ដល់អ្នកជុំវិញខ្លួនយើង ។ លោកបានលើកទឹកចិត្តការចែកចាយសេចក្ដីសប្បុរស ហើយនាំសុភមង្គល និងស្នាមញញឹមដល់អ្នក ដែលនៅជុំវិញយើង ៕
ដោយ៖លី ភីលីព
