បរទេស ៖ យន្តហោះចម្បាំង F-16 ចំនួន២គ្រឿង បានអនុវត្តការវាយប្រហារ តាមអាកាសលើប្រទេស បូស្នៀ-ហឺហ្សេហ្គោវីណា កាលពីថ្ងៃចន្ទម្សិលមិញ ។
ការទំលាក់គ្រាប់បែកនេះ ស្ថិតនៅក្នុងអ្វីដែលស្ថានទូត អាមេរិកនៅទីក្រុង Sarajevo បានពណ៌នាថា ជាការបង្ហាញកម្លាំង ក្នុងការគាំទ្ររដ្ឋាភិបាលកណ្តាល របស់ប្រទេសចំពេលមានភាពតានតឹង ដែលកំពុងបន្តជាមួយជនជាតិស៊ែប៊ី។
ប្រតិបត្តិករនៃកងកម្លាំងពិសេស របស់កងទ័ពសហរដ្ឋអាមេរិក និងសមាជិក នៃយោធាបូស្នៀ បានដើរតួជាអ្នកបញ្ជាផ្លូវ អាកាសនៅលើដី ដោយដឹកនាំយន្តហោះទាំងនោះនៅពេលពួកគេហោះហើរពីលើតំបន់ Brcko និង Tuzla នៅភាគខាងជើងប្រទេសបូស្នៀ ហើយក្នុងនោះយន្តហោះ F-16 ពីរគ្រឿងត្រូវបានអមដោយយន្តហោះចាក់ប្រេង KC-135 Stratotankerផងដែរ។
ស្ថានទូតបាននិយាយទៀតថា ៖ព្រឹត្តិការណ៍ធ្វើសមយុទ្ធនេះ ក៏មានគោលបំណងដើម្បី បង្ហាញពីការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការធានាបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ បូស្នៀ ៕
ប្រែសម្រួល៖ស៊ុនលី