ម៉ានីល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ថា វិទ្យាស្ថានតាមដានគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងរបស់ប្រទេសហ្វីលីពីន បានឲ្យដឹងថា មានគ្រោះរញ្ជួយដី នៅឈូងសមុទ្រ ដែលមានកម្រិតបឋម កម្រិត៧,១រ៉ិចទ័រ បានរញ្ជួយនៅក្នុងខេត្ត Davao Occidental ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសហ្វីលីពីន នៅមុនពេលព្រឹកព្រលឹមថ្ងៃអង្គារនេះ ។
វិទ្យាស្ថានខាងលើបានឲ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើង នៅម៉ោង៤និង៤៨នាទីព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២០និង៤៨នាទីម៉ោង សកល កាលពីថ្ងៃចន្ទ ដោយបានវាយប្រហារក្នុងជម្រៅ៧៦គីឡូម៉ែត្រ ហើយប្រហែល១១៩គីឡូម៉ែត្រ នៅភាគអាគ្នេយ៍នៃដែនកោះ Sarangani ក្នុងក្រុង Sarangani ។
វិទ្យាស្ថាននេះបានបញ្ជាក់ថា គ្រោះរញ្ជួយដី ត្រូវបានគេរំពឹងថា នឹងបង្កឱ្យមានការ រញ្ជួយដីបន្ថែមទៀត ប៉ុន្តែមិនបង្កការ គំរាមកំហែង ពីរលកយក្សស៊ូណាមិ ឡើយ ហើយក៏មិនមានរបាយការណ៍ នៃការស្លាប់ និងរបួសនៅឡើយទេ ។
វិទ្យាស្ថានបានឲ្យដឹងទៀតថា គ្រោះរញ្ជួយដីនេះក៏កើតឡើង នៅផ្នែកខ្លះនៃខេត្ត Sarangani ផងដែរ ។
គួរបញ្ជាក់ថា ប្រជុំកោះហ្វីលីពីនមានសកម្មភាព រញ្ជួយដីជាញឹកញាប់ ដោយសារតែទីតាំងរបស់ប្រទេសនេះ នៅតាមបណ្តោយនៃមហាសមុទ្រប៉ាស៊ីហ្វិក ស្ថិតនៅ ”រង្វង់នៃព្រះអគ្គី” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា