ព័ត៌មានអន្តរជាតិ

គ្រោះថ្នាក់រញ្ជួយដី កម្រិត ៦,៩រ៉ិចទ័រ កំពុងវាយប្រហារ ដែនកោះតៃវ៉ាន់

តៃប៉ិ៖ គ្រោះថ្នាក់រញ្ជួយដីកម្រិត ៦,៩ រ៉ិចទ័រ បានវាយប្រហារតំបន់ Hualien ភាគខាងកើតកោះតៃវ៉ាន់ នៅម៉ោង ២ និង ៤៤នាទីរសៀលកាល ពី ថ្ងៃ អាទិត្យ បណ្តាលឲ្យមនុស្សម្នាក់ ស្លាប់និង របួសមួយចំនួន។

ការ ញ័រ ខ្លាំង មួយ បាន វាយប្រហារឲ្យរង្គើពេញ កោះតៃវ៉ាន់ ។ កម្មករ រោងចក្រ ស៊ីម៉ងត៍ មួយកន្លែង នៅចំណុចកណ្តាលក្រុង Yuli បានរងរបួស និង ស្លាប់ បន្ទាប់ពីទៅដល់មន្ទីរពេទ្យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

អគារកម្ពស់ ៣ជាន់ក្នុងទីក្រុង Yuli ដែលជាន់ផ្ទាល់ដី ជាហាងទំនិញ 7-ELEVEN បានបាក់រលំសង្កត់មនុស្ស ៤នាក់។ ប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុកបានឲ្យដឹងថា បន្ទាប់ពីប្រហែល ៣ម៉ោង មនុស្សទាំងបួននាក់ រួមទាំងក្មេងស្រីអាយុ ៥ឆ្នាំម្នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព។

រថភ្លើងមួយខ្សែ បានក្រឡាប់ ដោយភ្លៀង ធ្លាក់នៅក្នុងស្ថានីយរថភ្លើង ខណៈបាក់ស្ពាន ២កន្លែង បណ្តាលឱ្យ មនុស្ស ៣នាក់ រង របួស ។ ពួកគេត្រូវបានជួយសង្គ្រោះនៅពេលក្រោយ។ អ្នកទេសចរជាង ៤០០ នាក់ ត្រូវបានជាប់គាំងនៅតំបន់ភ្នំក្នុង Yuli ។

ឧប្បត្តិហេតុផ្សេងទៀតរួមមានខ្សែរថភ្លើងជាច្រើន ត្រូវពន្យារពេល និងការដាច់ចរន្តអគ្គិសនី ហើយការងារសង្គ្រោះកំពុងដំណើរការ។ ទីក្រុងជាច្រើននៅ Hualien និង Taitung បានប្រកាសថាការងារ និងសាលារៀនទាំងអស់ នឹងត្រូវផ្អាកនៅថ្ងៃច័ន្ទនេះ។

យោងតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន (CENC) បានឱ្យដឹងថា ចំណុចកណ្តាលត្រូវបានត្រួត ពិនិត្យនៅរយៈទទឹង ២៣,១៥ដឺក្រេខាងជើង និងរយៈបណ្តោយ ១២១,៣០ដឺក្រេខាងកើត នៅជម្រៅ ១០គីឡូម៉ែត្រ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top