បរទេស ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ថា កាលពីថ្ងៃសុក្រ ក្រុមហ៊ុន Microsoft បានឲ្យដឹងថា ក្រុមដែលជួយឧបត្ថម្ភដល់រដ្ឋរុស្ស៊ី បានលួចចូលប្រព័ន្ធសាជីវកម្ម របស់ខ្លួនកាលពីថ្ងៃទី១២ ខែមករា ហើយបានលួចយកអ៊ីម៉ែល និងឯកសារមួយចំនួនពីគណនីបុគ្គលិកផងដែរ ។
ក្រុមហ៊ុនបានបញ្ជាក់ថា ក្រុមរបស់រុស្សី អាចចូលប្រើ “ភាគរយតិចតួចបំផុត” នៃគណនីអ៊ីម៉េលសាជីវកម្មរបស់ក្រុមហ៊ុន Microsoft រួមទាំងសមាជិកនៃក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិករបស់ខ្លួនក្នុងផ្នែកសន្តិសុខតាមអ៊ីនធើរណេត ផ្លូវច្បាប់ និងមុខងារផ្សេងៗទៀត ។
ក្រុមស្រាវជ្រាវការគំរាមកំហែង របស់ក្រុមហ៊ុន Microsoft តែងតែស៊ើបអង្កេតលើក្រុម Hacker របស់រដ្ឋនេះ ដូចជា “Midnight Blizzard” របស់រុស្ស៊ី ដែលពួកគេនិយាយថា ជាអ្នកទទួលខុសត្រូវលើបញ្ហានេះ ។
ក្រុមហ៊ុនបានបញ្ជាក់ថា ការស៊ើបអង្កេតរបស់ខ្លួនលើការរំលោភនេះ បានបង្ហាញឲ្យដឹងថា ក្រុម Hacker ចាប់ផ្តើមកំណត់គោលដៅមកលើក្រុមហ៊ុន Microsoft ដើម្បីស្វែងយល់ពីអ្វីដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្ស បានដឹងអំពីប្រតិបត្តិការរបស់ពួកគេ ។
ក្រុមហ៊ុនបានបញ្ជាក់ថា ក្រុម Hacker បានប្រើ “ការវាយប្រហារ ដោយបញ្ជូនពាក្យសម្ងាត់” ចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីរំលោភលើវេទិកា របស់ក្រុមហ៊ុន Microsoft ហើយក្រុម Hacker ប្រើបច្ចេកទេសនេះ ដើម្បីជ្រៀតចូលប្រព័ន្ធ របស់ក្រុមហ៊ុនមួយ ដោយប្រើពាក្យសម្ងាត់ ដែលបានសម្របសម្រួលដូចគ្នា ប្រឆាំងនឹងគណនី ដែលពាក់ព័ន្ធជាច្រើនទៀត ។
ជុំវិញបញ្ហានេះដែរ ស្ថានទូតរុស្ស៊ី ប្រចាំនៅក្រុងវ៉ាស៊ីនតោន និងក្រសួងការបរទេស មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំធ្វើការអត្ថាធិប្បាយនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា