ព័ត៌មានអន្តរជាតិ

លោក ពូទីន នឹងធ្វើទស្សនកិច្ច នៅក្រុងព្យុងយ៉ាង ក្នុងពេលឆាប់ៗនេះ

xinhua

ម៉ូស្គូ ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានឆន្ទៈធ្វើទស្សនកិច្ចនៅក្រុងព្យុងយ៉ាង ក្នុងពេលឆាប់ៗ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។

ទីភ្នាក់ងារសារព័ត៌មាន មជ្ឈិមកូរ៉េបានឲ្យដឹងថា លោក ពូទីន បានសម្តែងនូវ “អរគុណយ៉ាងជ្រាលជ្រៅ” ចំពោះការអញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ឱ្យមកបំពេញទស្សនកិច្ចនៅរដ្ឋធានី ក្នុងអំឡុងពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសដែលកំពុងបំពេញទស្សនកិច្ចរបស់ប្រទេសនេះ គឺលោក Choe Son Hui ។

KCNA បានឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងជើង “ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រធានាធិបតីរុស្ស៊ីលោក ពូទីន មកកាន់ទីក្រុងព្យុងយ៉ាង ហើយត្រៀមខ្លួនជាស្រេច ដើម្បីស្វាគមន៍មិត្តជិតស្និទ្ធបំផុត របស់ប្រជាជនកូរ៉េ ដោយភាពស្មោះត្រង់បំផុត” ។

ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រទេសកូរ៉េខាងជើង ដែលអាចកើតឡើងមុនការបោះឆ្នោត ប្រធានាធិបតីរុស្ស៊ីក្នុងខែមីនា នឹងក្លាយជាលើកដំបូង របស់លោក ចាប់តាំងពីខែកក្កដា ឆ្នាំ២០០០ នៅពេលដែលប្រទេសនេះត្រូវបានដឹកនាំដោយ ឪពុកចុងរបស់លោក គីម គឺលោក គីម ជុងអ៊ីល ។

ប្រទេសទាំងពីរបាននិងកំពុងពង្រឹង ទំនាក់ទំនងបន្ទាប់ពីការលុកលុយ របស់ទីក្រុងមូស្គូ មកលើអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។ មេដឹកនាំទាំងពីរ បានជួបគ្នាកាលពីខែកញ្ញា ឆ្នាំមុននៅឯមជ្ឈមណ្ឌលបាញ់ បង្ហោះយានអវកាស Vostochny Cosmodrome នៅតំបន់ចុងបូព៌ារបស់រុស្សី ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីដោយលោក គីម ។

របាយការណ៍របស់ KCNA បានដកស្រង់ សេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយ កាលពីថ្ងៃសៅរ៍ដោយការិយាល័យ ជំនួយរបស់រដ្ឋមន្ត្រីការបរទេស កូរ៉េខាងជើង ទាក់ទងនឹងដំណើរទស្សនកិច្ច រយៈពេល ៣ថ្ងៃរបស់លោក Choe ទៅកាន់ប្រទេសរុស្ស៊ីរហូតដល់ថ្ងៃពុធ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top