ព័ត៌មានអន្តរជាតិ

តុលាការប៉ាគីស្ថាន កាត់ទោសអតីតនាយករដ្ឋមន្ត្រីលោក Imran Khan ឲ្យជាប់ពន្ធនាគាររយៈពេល ១៤ឆ្នាំ

Xinhua

អ៊ីស្លាម៉ាបាដ៖ តុលាការប្រទេសប៉ាគីស្ថាន នៅថ្ងៃពុធនេះបានកាត់ទោសអតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ លោក Imran Khan និងភរិយា របស់លោកជាប់ពន្ធនាគាររយៈពេល ១៤ឆ្នាំនៅក្នុងសំណុំរឿង អំណោយក្រោមការចោទ ប្រកាន់ពីបទទទួលយក និងលក់អំណោយពី Toshakhana ដោយ​ខុស​ច្បាប់។

Toshakhana គឺជាឃ្លាំងមួយ នៅក្នុងប្រទេសប៉ាគីស្ថាន ដែលអំណោយ ដែលប្រគល់ទៅឱ្យមន្ត្រីរដ្ឋាភិបាល ពីមន្ត្រីបរទេសត្រូវបានរក្សាទុក ហើយបន្ទាប់មកលក់ទៅឱ្យមន្ត្រី ដែលបង់ភាគរយជាក់លាក់នៃចំនួន និងជាក់ស្តែង។

តុលាការគណនេយ្យភាពក៏បានដកសិទ្ធិទាំងលោក Khan និងភរិយារបស់លោកសម្រាប់រយៈពេល ១០ឆ្នាំពីការកាន់កាប់ការិយាល័យសាធារណៈណាមួយ ហើយថែមទាំងបានពិន័យជាប្រាក់ចំនួន ៧៨៧ លានរូពី (២,៨ លានដុល្លារអាមេរិក) ក្នុងម្នាក់ៗផងដែរ។

កាល​ពី​ខែ​សីហា​ឆ្នាំ​មុន លោក Khan ត្រូវ​បាន​ចាប់​ខ្លួន​និង​បញ្ជូន​ទៅ​ពន្ធនាគារ​បន្ទាប់​ពី​តុលាការ​ក្នុង​តំបន់​ក្នុង​ទីក្រុងអ៊ីស្លាម៉ាបាដ បាន​កាត់​ទោសលោកឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៣ឆ្នាំ​ពី​បទ​លាក់​ទ្រព្យ​សម្បត្តិ​ហិរញ្ញវត្ថុ​របស់​លោក។

កាលពីថ្ងៃអង្គារ តុលាការពិសេសមួយ ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់សម្ងាត់ផ្លូវការបានកាត់ទោសលោក Khan និងអតីតរដ្ឋមន្ត្រីការបរទេសលោក Shah Mehmood Qureshi ឱ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំពីបទរំលោភលើអាថ៌កំបាំងរដ្ឋ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top