តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា ជប៉ុននឹងបន្តផ្តល់ការគាំទ្រ ការកសាងឡើងវិញដល់អ៊ុយក្រែន ដែលហែកហួរដោយសង្រ្គាម ដោយប្រើប្រាស់បទពិសោធន៍ របស់ខ្លួនក្នុងការសង្គ្រោះពីការរញ្ជួយដី ។

នៅក្នុងសន្និសីទជប៉ុន-អ៊ុយក្រែន សម្រាប់ការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការកសាងឡើងវិញដែលបានធ្វើឡើងនៅទីក្រុងតូក្យូមុនខួបលើកទី២ នៃការលុកលុយរបស់រុស្ស៊ីមកលើប្រទេសជិតខាងរបស់ខ្លួន លោក គីស៊ីដា បានឲ្យដឹងថា ស្ថានភាពនេះគឺ “មិនងាយស្រួលនោះទេ ប៉ុន្តែថាការជួយទីក្រុងគៀវ ងើបឡើងវិញ គឺជាការវិនិយោគនាពេលអនាគត “។
ក្នុងអំឡុងពេលកិច្ចប្រជុំមួយថ្ងៃ លោក គីស៊ីដា ដែលបានទៅធ្វើទស្សនកិច្ច នៅទីក្រុងគៀវ ក្នុងខែមីនា ឆ្នាំ២០២៣ មុនពេលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលក្រុមប្រទេស ទាំង៧ ក្នុងខែឧសភា នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ហើយសមភាគីអ៊ុយក្រែន របស់លោក Denys Shmyhal បានចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ។

មន្ត្រីរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ពួកគេរួមមានការកសាងឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ការដោះមីន ការពង្រីកវិស័យកសិកម្ម ការកែលម្អស្ថានភាពមនុស្សធម៌ ការអភិវឌ្ឍន៍បច្ចេកវិទ្យាជីវសាស្ត្រ ឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន និងការលើកកម្ពស់អភិបាលកិច្ច។
នៅក្នុងសុន្ទរកថាសំខាន់របស់លោក លោក គីស៊ីដា បានឲ្យដឹងថា ប្រទេសទាំងពីរនឹងបញ្ចប់សន្ធិសញ្ញាមួយ ដើម្បីលុបបំបាត់ការយកពន្ធទ្វេដង ហើយចាប់ផ្តើមការចរចារឡើងវិញនូវកិច្ចព្រមព្រៀងវិនិយោគមួយ ដើម្បីឱ្យក្រុមហ៊ុនជប៉ុនអាចចូលរួមក្នុងគម្រោងសាងសង់ឡើងវិញនៅអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា
