បរទេស៖ មហាសេដ្ឋីអាមេរិក គឺលោក Bill Gates និងមិត្តស្រី បានធ្វើដំណើរមកដល់ទីក្រុង Da Nang ប្រទេសវៀតណាម ក្នុងសប្តាហ៍នេះ តាមយន្តហោះឯកជន Gulfstream G650ER តម្លៃ ៧០ លានដុល្លារ របស់លោក ដែលអាចផ្ទុកអ្នក ដំណើរបានអតិបរមា ១៧នាក់ក្នុងភាពប្រណីត ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា មហាសេដ្ឋីអាមេរិករូបនេះ សម្រាកលំហែរកាយលក្ខណៈផ្ទាល់ខ្លួននៅទីក្រុង Da Nang និង Hoi An ប្រមាណ៥ថ្ងៃ។ លោកស្នាក់នៅរមណីយ ដ្ឋានលំដាប់ផ្កាយ ៥ ក្នុងស្រុក Son Tra ហើយរំពឹងថានឹងទៅទស្សនាទីក្រុងប្រវត្តិសាស្ត្រ Hoi An នៅថ្ងៃអង្គារ។

យន្តហោះ Gulfstream G650ER តម្លៃ ៧០ លានដុល្លាររបស់លោកនេះ គឺមានសមត្ថភាពផ្ទុកអ្នកដំណើរអង្គុយចំនួន ១៧ នាក់ ឬអ្នកដំណើរដែលអាចដេកបានពី ៦នាក់ ទៅ៨ នាក់។

តុ និងកៅអី នៅក្នុងយន្តហោះ គឺអាចផ្លាស់ប្ដូរទៅតាមតម្រូវការ ដើម្បីបម្រើឱ្យការប្រជុំ ជប់លៀង ឬមុខងារណាមួយ។ យន្តហោះនេះត្រូវបានបំពាក់ដោយតុបរិភោគអាហារ និងបន្ទប់ទទួលភ្ញៀវមួយដែលមានទូរទស្សន៍ និងសាឡុងវែង។

យន្តហោះនេះក៏មាន Wi-Fi របស់ Ka-band និងអ៊ីនធឺណិតលឿន ទូទាំងពិភពលោកផងដែរ។
បើកដំណើរការក្នុងឆ្នាំ ២០១៤, Gulfstream G650ER គឺជាយន្តហោះ ពាណិជ្ជកម្មលឿនបំផុត និងធំជាងគេបំផុត របស់ពិភពលោក ជាមួយនឹងតម្លៃចាប់ពី ៧០លានដុល្លារឡើងទៅ៕
ប្រែសម្រួលៈ ណៃ តុលា
