ព័ត៌មានអន្តរជាតិ

ការ​នាំ​ចូល​អាវុធ ​របស់​អឺរ៉ុប ​កើនឡើងទ្វេ​ដង ​ចំពេល​មាន ​ជម្លោះ​អ៊ុយក្រែន

AFP

បរទេស ៖ យោងតាមទិន្នន័យថ្មីពីវិទ្យាស្ថានស្រាវជ្រាវ សន្តិភាពអន្តរជាតិ Stockholm (SIPRI) បានឱ្យដឹងថា បណ្តាប្រទេសនៅអឺរ៉ុប បានបង្កើនការនាំចូលអាវុធ ដែលកើនឡើង ជិតទ្វេដង ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដោយជម្លោះក្នុងប្រទេស អ៊ុយក្រែន គឺជាកត្តាចម្បងនៅពីក្រោយ ការកើនឡើងនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ទ្វីបនេះបាននាំចូលអាវុធ ៩៤ភាគរយ បន្ថែមទៀតនៅចន្លោះឆ្នាំ ២០១៩ និង ២០២៣ ច្រើនជាងនៅចន្លោះឆ្នាំ ២០១៤ និង ២០១៨ នេះបើយោង តាមរបាយការណ៍របស់ SIPRI ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។ ទិន្នន័យបង្ហាញថា ស្ទើរតែគ្រប់មហាអំណាចអឺរ៉ុបខាងលិចធំៗ ទាំងអស់បានទិញអាវុធ នៅក្នុងអំឡុងពេលនេះ ដោយបារាំងបង្កើនការនាំចូល ១១២ភាគរយ, អាល្លឺម៉ង់ ១៨៨ភាគរយ និងចក្រភពអង់គ្លេស ៤១ភាគរយ ។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែនបានបង្កើន ការនាំចូលរបស់ខ្លួន ៦.៦៣៣ភាគរយ ក្លាយជាប្រទេសនាំចូលអាវុធដ៏ធំបំផុតរបស់អឺរ៉ុប និងជាប្រទេសធំជាងគេទីបួនរបស់ពិភពលោក នៅពីក្រោយប្រទេសឥណ្ឌា អារ៉ាប៊ីសាអូឌីត និងប្រទេសកាតា។

នៅទូទាំងក្រុមប្រឹក្សា បណ្តាប្រទេសអ៊ឺរ៉ុបបានដំឡើងការចំណាយលើវិស័យការពារជាតិ យ៉ាងច្រើន ដើម្បីឆ្លើយតបទៅនឹងជម្លោះក្នុងប្រទេសអ៊ុយក្រែន ទាំងការផ្តល់ មូលនិធិ ដល់ការផ្ទេរ អាវុធទៅកាន់ទីក្រុងគៀវ និងដើម្បីផ្គត់ផ្គង់យោធា របស់ពួកគេឡើងវិញ ។ សមាជិកសហភាពអឺរ៉ុប បានបង្កើន ការចំណាយ ផ្នែកយោធារបស់ពួកគេដល់កំណត់ត្រា ២៦១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដោយរដ្ឋជាសមាជិកចំនួន ៦ បានអនុវត្តការដំឡើងច្រើនជាង ១០ភាគរយ នៅឆ្នាំ ២០២១៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top