ព័ត៌មានអន្តរជាតិ

ភ្លើងឆេះនាវា ផ្ទុកយន្តហោះ HMS Queen Elizabeth របស់អង់គ្លេស ក្នុងពេលដកគ្រាប់ចេញ

បរទេស៖ នាវាផ្ទុកយន្តហោះ HMS Queen Elizabeth របស់ចក្រភពអង់គ្លេសបានឆាបឆេះ ខណៈពេលដែលចតក្នុងប្រទេសស្កុតឡែន ដើម្បីដកគ្រាប់រំសេវចេញ មុនពេលជួសជុល ។ បញ្ហារបស់ស្លាបចក្របានធ្វើឱ្យនាវាចម្បាំងតម្លៃ ៣ ពាន់លានផោន ខកខានការធ្វើសមយុទ្ធដ៏ធំបំផុតរបស់អង្គការណាតូក្នុងរយៈពេលជាច្រើនទសវត្សរ៍កាលពីខែមុន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យកងទ័ពជើងទឹកបាននិយាយកាលពីថ្ងៃសៅរ៍ថា អគ្គិភ័យបានផ្ទុះឡើង ក្នុងពេលដែលនាវាផ្ទុកយន្តហោះ HMS Queen Elizabeth កំពុងចតនៅកំពង់ផែ Glenmallan កាលពីយប់ថ្ងៃសុក្រ។ អ្នកនាំពាក្យរូបនេះបានប្រាប់ទស្សនាវដ្ដី Defence Journal របស់ចក្រភពអង់គ្លេសថា៖ «ភ្លើងឆេះដាច់ដោយឡែកបន្តិចបន្តួចលើនាវា HMS Queen Elizabeth ត្រូវបានគ្រប់គ្រង និងពន្លត់បានយ៉ាងឆាប់រហ័ស»។

នាវាផ្ទុកយន្តហោះ HMS Queen Elizabeth កំពុងដោះគ្រាប់រំសេវចេញនៅពេលកើតហេតុ។ ពីទីនោះ នាវានេះនឹងត្រូវធ្វើដំណើរទៅកាន់កំពង់ផែ Rosyth ដើម្បីធ្វើការជួសជុលទៅលើការភ្ជាប់នៃតួរស្លាបចក្ររបស់វា។

ការខូចខាតចំពោះធាតុផ្សំដ៏សំខាន់នេះត្រូវបានរកឃើញកាលពីខែមុន ដោយបានរារាំងនាវាដឹកយន្តហោះនេះ ពីការដឹកនាំសមយុទ្ធ “អ្នកការពារដ៏រឹងមាំ” របស់អង្គការណាតូ។ ចាប់ផ្តើមពីចុងខែមករា រហូតដល់ខែមិថុនា សមយុទ្ធនេះគឺជាទ្រង់ទ្រាយធំបំផុតរបស់ប្លុកចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់មក។ នាវា HMS Prince of Wales ដែលជានាវាប្អូនស្រីរបស់ Queen Elizabeth ត្រូវបានបញ្ជូនឱ្យទៅដឹកនាំសមយុទ្ធនៅកន្លែងរបស់វា ទោះបីជាការចាកចេញពី កំពង់ផែនៅពេលនោះត្រូវបានពន្យារពេលដោយសារតែការលេចធ្លាយប្រេងជាក់ស្តែងក៏ដោយ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top