រដ្ឋតិចសាស់ ៖ រ៉ុក្កែត Starship របស់ SpaceX ត្រូវបានរចនាឡើង ដើម្បីបញ្ជូនអវកាសយានិក ទៅកាន់ភពព្រះច័ន្ទ និងលើសពីនេះ បានបញ្ចប់ការហោះហើរ សាកល្បងស្ទើរតែទាំងស្រុង លើលំហនៅលើការ សាកល្បង លើកទី៣ របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ដោយទទួលបានចម្ងាយ ឆ្ងាយជាងពេលមុនៗ ប៉ុន្តែបានបាត់បង់ទំនាក់ទំនងគ្នា នៅពេលវិលត្រឡប់មកផែនដីវិញ ។
ក្នុងអំឡុងពេលនៃការផ្សាយតាមគេហទំព័រ នៃការហោះហើរ អ្នកអត្ថាធិប្បាយ SpaceX បាននិយាយថា ការគ្រប់គ្រងបេសកកម្មបានបាត់បង់ ការប្រាស្រ័យទាក់ទងជាមួយ Starship ពីប្រព័ន្ធ ផ្កាយរណបពីរ ក្នុងពេលដំណាលគ្នា ខណៈយានអវកាសកំពុង ចូលទៅក្នុងបរិយាកាស របស់ភពផែនដីឡើងវិញក្នុងល្បឿនលឿនជាងសំឡេង ។
យានអវកាសនៅចំណុច នោះជិតដល់ការបាញ់ ទម្លាក់តាមការគ្រោងទុក នៅមហាសមុទ្រឥណ្ឌា ប្រហែលមួយម៉ោង បន្ទាប់ពីបាញ់បង្ហោះ ពីភាគខាងត្បូង រដ្ឋតិចសាស់ ។ ការទាក់ទង ជាមួយ Starship បានកាត់ផ្តាច់មួយភ្លែត បន្ទាប់ពីវីដេអូ បន្តផ្ទាល់ពីកាមេរ៉ា ដាក់នៅលើយានជំនិះ បានបង្ហាញរូបភាព ច្បាស់ខ្ពស់ នៃពន្លឺពណ៌ក្រហមដែលរុំព័ទ្ធយានអវកាសពណ៌ប្រាក់ ពីកម្ដៅនៃការកកិតឡើងវិញ នៅពេលវាបានធ្លាក់ចុះមកផែនដី។
ប៉ុន្មាននាទីក្រោយមក ក្រុមហ៊ុន SpaceX បានបញ្ជាក់ថា យានអវកាសបានបាត់បង់ មានន័យថា ត្រូវបានដុតចោល ឬបំបែកចេញពីគ្នា ក្នុងអំឡុងពេលភាពតានតឹង នៃការចូលឡើងវិញ។ សម្រាប់ហេតុផលមិនច្បាស់លាស់ ក្រុមហ៊ុន SpaceX បានជ្រើសរើសរម្លងគោលដៅ ស្នូលមួយនៃការហោះហើរសាកល្បង ជាការប៉ុនប៉ងបញ្ឆេះម៉ាស៊ីន Raptor របស់ Starship ឡើងវិញ ខណៈវាធ្លាក់ក្នុងគន្លងរាក់ ចំណុចសំខាន់នោះត្រូវបានចាត់ទុកថា ជាគន្លឹះនៃភាពជោគជ័យនាពេលអនាគតរបស់វា ។
ទោះយ៉ាងណា ការបញ្ចប់គោលដៅ ហោះហើរ ជាច្រើនរបស់ Starship តំណាងឲ្យវឌ្ឍនភាពក្នុងការអភិវឌ្ឍន៍ យានអវកាសដ៏សំខាន់ សម្រាប់អាជីវកម្មបាញ់បង្ហោះផ្កាយរណបដែលកំពុងរីកចម្រើនរបស់ក្រុមហ៊ុន SpaceX បង្កើតឡើងដោយលោក Elon Musk កាលឆ្នាំ ២០០២ និងកម្មវិធីព្រះច័ន្ទរបស់អង្គការអវកាសណាសា “NASA” ។
ប្រធានអង្គការណាសា លោក Bill Nelson បានអបអរសាទរ SpaceX ហើយលោកហៅថា ការហោះហើរសាកល្បងប្រកបដោយជោគជ័យ ក្នុងសេចក្តីថ្លែងការណ៍មួយបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X. ទីភ្នាក់ងារអវកាសអាមេរិក គឺជាអតិថិជនដ៏ធំបំផុតរបស់ SpaceX ។ ចំពោះប្រធានក្រុមហ៊ុន SpaceX លោក Gwynne Shotwell បានសរសេរនៅក្នុងការបង្ហោះ X ថា ការធ្វើតេស្តិ៍នេះបានសម្គាល់ថ្ងៃមិនគួរឲ្យជឿ។
យានអវកាស ២ ដំណាក់កាលរួមមាន នាវាកម្សាន្ត Starship បានដំឡើងនៅលើកំពូលឧបករណ៍ជំរុញរ៉ុក្កែត Super Heavy មានកម្ពស់ខ្ពស់របស់វា បានផ្ទុះចេញពីកន្លែងបាញ់បង្ហោះ Starbase របស់ក្រុមហ៊ុន នៅជិតភូមិ Boca Chica នៅលើឆ្នេរសមុទ្រឈូងសមុទ្ររដ្ឋតិចសាស់។ Starship ដំណាក់កាលខាងលើបានឈានដល់កម្ពស់ខ្ពស់បំផុត ២៣៤ គីឡូម៉ែត្រ ៕
ដោយ៖លី ភីលីព