ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន ស្វាគមន៍ ចំពោះការបញ្ឈប់ការនាំចេញអាវុធរបស់កាណាដា ទៅកាន់អ៊ីស្រាអែល

Xinhua

រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រី ប៉ាឡេស្ទីន លោក Mohammad Shtayyeh បានស្វាគមន៍ការសម្រេចចិត្ត របស់រដ្ឋាភិបាលកាណាដា ក្នុងការបញ្ឈប់ ការនាំចេញអាវុធទៅកាន់ប្រទេស អ៊ីស្រាអែល ចំពេលមានសង្រ្គាម ដែលកំពុងបន្តនៅតំបន់ហ្គាហ្សាស្ទ្រីប។

លោក Shtayyeh បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សង្រ្គាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែល ទាមទារឱ្យមានជំហរអន្តរជាតិយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ឈប់ការបំពាក់អាវុធដល់អ៊ីស្រាអែល និងដាក់ទណ្ឌកម្មជាបន្ទាន់ ដើម្បីទប់ស្កាត់វាពីការបន្តឧក្រិដ្ឋកម្មរបស់ខ្លួន” ។

លោកបានសង្កត់ធ្ងន់ លើតម្រូវការបន្ទាន់ក្នុងការដាក់សម្ពាធ លើការបើកច្រកព្រំដែនទៅកាន់តំបន់ ហ្គាហ្សាស្ទ្រីប ធានាការចូល នៃជំនួយមនុស្សធម៌គ្រប់គ្រាន់ និងការស្តារការផ្គត់ផ្គង់អគ្គិសនី និងទឹកឡើងវិញ។

រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បានប្រកាសកាលពីយប់ថ្ងៃអង្គារថា ទីក្រុងអូតាវ៉ា នឹងបញ្ឈប់ការនាំចេញអាវុធ របស់ខ្លួនទៅកាន់ប្រទេសអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សេចក្តីថ្លែងការណ៍របស់លោកស្រី Joly បានកើតឡើងមួយថ្ងៃបន្ទាប់ពីសភាកាណាដាបានអំពាវនាវឱ្យបញ្ឈប់ការដឹកជញ្ជូនអាវុធទៅកាន់អ៊ីស្រាអែល។ ថ្មីៗនេះ វាបានពន្យារពេលការដឹកជញ្ជូនរថពាសដែកចំនួន ១១ គ្រឿងទៅកាន់ប៉ូលីសអ៊ីស្រាអែល និងការដឹកជញ្ជូនឧបករណ៍មើលឃើញពេលយប់មួយផ្សេងទៀត។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល Israel Katz បានរិះគន់យ៉ាងខ្លាំង ចំពោះការសម្រេចចិត្តនេះ ដោយបានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “ប្រវត្តិសាស្ត្រនឹងវិនិច្ឆ័យជំហានបច្ចុប្បន្ន របស់រដ្ឋាភិបាលកាណាដា យ៉ាងតឹងរ៉ឹង”៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top